ព័ត៌មានជាតិ

រាជរដ្ឋាភិបាល តែងយកចិត្តទុកដាក់ស្វែងរកអាហារូបករណ៍ ជូននិសិ្សតកម្ពុជា ទៅសិក្សាក្រៅប្រទេស

រូបភាព៖ ក្រសួងការបរទេស

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ ក្នុងការស្វែងរកអាហារូបករណ៍ជូនដល់និសិ្សត និងមន្ត្រីរាជការកម្ពុជា ទៅសិក្សានៅក្រៅប្រទេស ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធនមនុស្សនៅកម្ពុជា ។

ក្នុងឱកាសអនុញ្ញាតឱ្យនិស្សិតជ័យលាភី ២៤រូប មកពីក្រសួង/ស្ថាប័ន ចំនួន១៥ ដែលប្រលងជាប់អាហារូបករណ៍អភិវឌ្ឍន៍ ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន (Japan Development Scholarship – JDS) សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រយៈពេល២ឆ្នាំ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ នៅថ្ងៃទី២ សីហា លោក ប្រាក់ សុខុន បានអបអរសាទរយ៉ាងក្លៀវក្លា ចំពោះនិសិ្សតជ័យលាភីទាំង ២៤រូប ដែលគ្រោងចេញដំណើរទៅជប៉ុន នៅអំឡុងចុងខែសីហានេះ និងបានផ្តាំផ្ញើឱ្យបន្តខិតខំប្រឹងប្រែង រៀនសូត្រក្រេបជញ្ជក់យកចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗ ដើម្បីរួមចំណែកសំខាន់ដល់ការ ជួយអភិវឌ្ឍជាតិមាតុភូមិកម្ពុជា នៅពេលត្រឡប់មកប្រទេសវិញ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានផ្តល់ អនុសាសន៍សំខាន់ៗផងដែរដល់និស្សិតជ័យលាភីខាងលើ ពីស្ថានភាពទូទៅរបស់ប្រទេស និងប្រជាជនជប៉ុន របៀបរបបនៃការរស់នៅទីនោះ និងចែករំលេកដោយសង្ខេបអំពីទំនាក់ទំនងកម្ពុជា-ជប៉ុន។ លោកបានសំណូមពរឱ្យនិស្សិត និងពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅប្រទេសជប៉ុន ត្រូវធ្វើការទំនាក់ទំនងជាប្រចាំ ជាមួយស្ថានទូតខ្មែរនៅទីនោះ ដើម្បីសុំជំនួយលើការងារកុងស៊ុលផ្សេងៗពីស្ថានទូត។

រូបភាព៖ ក្រសួងការបរទេស

ជាមួយគ្នានោះតំណាងនិស្សិតជ័យលាភី បានឡើងថ្លែងចំណាប់អារម្មណ៍ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលបានអនុញ្ញាតឱ្យក្រុមនិស្សិតបានចូលជួបសម្តែងការគួរសម និងទទួលបាននូវអនុសាសន៍ដ៏មានតម្លៃ និងបានប្តេជ្ញាចិត្តខិតខំសិក្សារៀនសូត្រ ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ល្អៗ និងរួមចំណែកសកម្មក្នុងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជារវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត៕

To Top