ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាពេលបច្ចុប្បន្នបានលើកឡើងថា មានក្រុមប្រឆាំង បានចោទប្រកាន់គណបក្ស ប្រជាជនកម្ពុជាថា កំពុងមានជម្លោះយ៉ាងខ្លាំងក្លារវាងសម្តេច និងសម្តេច ស ខេង ។ ប៉ុន្តែសម្តេចបានបញ្ជាក់ត្រឡប់ទៅវិញថា គណបក្សប្រជាជនកម្ពុជា គ្មានទំលាប់ទាស់គ្នានោះទេ ដូច្នេះសូមកុំយល់ច្រឡំ។
សម្តេចបន្តថា អ្នកប្រឆាំង ក៏ដូចជាអ្នកវិភាគមួយ ចំនួនបានលើកដូចគ្នាថា ក្រុមគ្រួសារសម្តេចនិងគ្រួសារសម្តេច ស ខេង កំពុងមានជម្លោះជាមួយគ្នាខ្លាំង ក្រោយមានការប្រកាសជាផ្លូវការអំពីបេក្ខភាពលោក ហ៊ុន ម៉ាណែតជានាយករដ្ឋមន្រ្តីកម្ពុជា ។ សម្តេចថា គ្រាន់តែសម្តេច ស ខេង និងលោក ស សុខា មិនឆ្លើយតបអ្វី ក៏ពួកគេគិតថា កំពុងមានជម្លោះជាមួយគ្នា ។
សម្តេចគូសបញ្ជាក់ថា “គេថាកំពុងមានជំលោះខ្លាំង ណាស់រវាងខ្ញុំ និងស ខេង អស់លោកច្រឡំហើយ ព្រោះទម្លាប់គណបក្ស ប្រជាជនកម្ពុជា គ្មានការទាស់គ្នាទេ ។ អស់លោកវិភាគនៅរាក់ស្ទើរណាស់ ។ អរគុណអស់លោកបានវាយតម្លៃខុសរហូត។ ពួកអស់វិភាគបែបនេះរហូតដល់ជាតិក្រោយក៏មិនអាចយកឈ្នះគណបក្សប្រជាជនកម្ពុជាបានទេ” ៕