ព័ត៌មានជាតិ

សម្ដេចតេជោ ឲ្យរដ្ឋមន្ដ្រីឡើងថ្មីរក្សាទុកមន្ដ្រីចាស់ៗ ខណៈលោក នេត សាវឿន និងលោក ស៊ុន ចាន់ថុលនឹងឡើងជាឧបនាយករដ្ឋមន្រ្តី

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានធ្វើការណែនាំដល់បណ្តាល រដ្ឋមន្ដ្រីដែលនឹងត្រូវឡើង កាន់តំណែងថ្មី នាពេលខាងមុខនេះ ត្រូវរក្សាទុកមន្ដ្រីចាស់ៗដដែល បន្ទាប់ពីមានមន្ដ្រីមួយចំនួន នៅតាមក្រសួងស្ថាប័ននានា មានក្ដីកង្វល់ចំពោះតួនាទីរបស់ខ្លួន

ក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ផ្លូវក្រវ៉ាត់ក្រុងទី៣ នាព្រឹកថ្ងៃ៣ សីហា សម្ដេចតេជោ បានថ្លែងថា «សូមឲ្យរដ្ឋមន្ដ្រីថ្មីៗ ចូលកាន់តំណែង កាន់ការនៅតាមក្រសួង រក្សានៅអ្នកហ្នឹងនៅបន្ដ (មន្ដ្រីចាស់ៗ) នេះជាការរៀបចំរបស់យើង សុំកុំឲ្យមានការកង្វល់»។

សម្ដេចតេជោបន្ដថា ចំពោះមន្ដ្រីមុខងារសារធាណៈ មិនមានអ្នកទៅប៉ះពាល់នោះទេ ។ ខណៈសម្តេចបានបង្ហើបតិចៗថា លោក នេត សាវឿន និងលោក ស៊ុន ចាន់ថុល នឹងក្លាយទៅជាឧបនាយករដ្ឋមន្រ្តី នៅពេលឆាប់ៗខាងមុខ ក្នុងគ្រាអគ្គស្នងការនគរបាលជាតិ ក៏នឹងមានការផ្លាស់ប្តូរផងដែរ។

បន្ថែមពីលើមុខតំណែង ជារដ្ឋមន្រ្តីថ្មីនេះដែរថា សម្តេចថា ការដោះស្រាយគណៈរដ្ឋមន្រ្ដីថ្មី នៅក្នុងអាណត្តិទី៧នេះ គឺដោះស្រាយតែតំណែង នាយករដ្ឋមន្រ្ដី ឧបនាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដីប៉ុណ្ណោះ មិនមានការប៉ះពាល់ដល់មន្រ្ដី នយោបាយផ្សេង ទៀតនោះទេ។

នាឱកាសនោះ សម្តេចតេជោបញ្ជាក់ជាថ្មីថា សម្ដេចនឹងមិនព្យាយាមធ្វើឲ្យប៉ះពាល់ដល់ការដឹកនាំរបស់នាយករដ្ឋមន្រ្ដី ឬគណៈរដ្ឋមន្រ្ដីថ្មី នៅពេលឡើងកាន់អំណាចនោះទេ។ ប៉ុន្ដែបើនាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដីធ្វើខុសពីគោលការណ៍គណបក្សប្រជាជនកម្ពុជានោះ នឹងត្រូវអញ្ជើញមកប្រជុំដោះស្រាយនៅវិមាន ៧មករា ។

បើតាមបញ្ជីសមាសភាពរាជរដ្ឋាភិបាលថ្មី បានបម្រុងទុកក្នុងបញ្ជីចុងក្រោយ ដែលមានការផ្សាយបន្តគ្នានាពេលប៉ុន្មានថ្ងៃមុន គឺថា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនដែលនឹងមកជំនួស លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល គឺលោក ប៉េង ពោធិ៍នា ៕

To Top