ព័ត៌មានជាតិ

ក្របីមួយហ្វូង ផ្អើលរត់ជាន់គ្នាលង់ទឹកងាប់ ១៧ក្បាល នៅស្រុកជើងព្រៃ

ភ្នំពេញ៖ ក្របីមួយហ្វូង បានផ្អើលរត់ជាន់គ្នាលង់ទឹកងាប់ចំនួន ១៧ក្បាល នៅឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ។

បើតាមរបាយការណ៍របស់ មន្ទីរព័ត៌មានខេត្តកំពង់ចាម រាយការណ៍ជូនលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា ដោយប្រជាពលរដ្ឋជាម្ចាស់ក្របី បានប្រលែងក្របីជាហ្វូង ដើម្បីស៊ីស្មៅនៅចំណុច អ្នកតាប៉ោ ស្រុកកងមាស ប៉ុន្តែដោយសារប៉ុន្មានថ្ងៃនេះទឹកទន្លេចាប់ផ្តើមឡើងខ្លាំងធ្វើឲ្យលិចតំបន់នោះ ហេតុនេះម្ចាស់បាននាំគ្នា ដេញក្របីឆ្លងទឹកព្រែកកំពង់រាំង មកទីទួលនៅភូមិចាំនាង និងភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ដែលមានព្រំប្រទល់ជាប់គ្នាវិញ។

មូលហេតុដែលបណ្តាលឲ្យក្របីងាប់ មកពីត្រឿយម្ខាងទៅត្រឿយម្ខាងទៀត មានចម្ងាយឆ្ងាយ (មិនក្រោម៣គីឡូ) ធ្វើឲ្យក្របីអស់កម្លាំងហែលទឹក និងម្យ៉ាងទៀតវិញម្ចាស់ក្របីបានប្រើ ទូកជ័រជាច្រើនគ្រឿងសម្រាប់គៀងក្របី ហើយទូកនោះមានរចនារូបភ្នែក (មើលទៅដូចរូបសត្វក្រពើ) ដែលធ្វើឲ្យក្របីផ្អើល លង់ទឹកងាប់តែម្តងទៅ។

ចំពោះក្របីដែលងាប់ទាំងអស់មានចំនួន ១៧ក្បាល ក្នុងនោះ២ក្បាល ជារបស់ប្រជាពលរដ្ឋរស់នៅភូមិចាំនាង និង១៥ក្បាលទៀត ជារបស់ប្រជាពលរដ្ឋរស់នៅភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ៕

To Top