ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី ៖ ថ្ងៃនេះជាប្រវត្តិសាស្រ្តថ្មីសម្រាប់កម្ពុជា ដែលព្រះមហាក្សត្រចាត់តាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី

រូបភាពពី៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ានី

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានីជាប្អូនប្រុសពៅរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា សម្រាប់កម្ពុជានៅថ្ងៃ៧ សីហានេះ គឺជាប្រវត្តិសាស្រ្តថ្មីហើយចំពោះនាយករដ្ឋមន្រ្តីថ្មីដែលព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹតត្យចាត់តាំងលោកបណ្ឌិតហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧នៃរដ្ឋសភា ដើម្បីរៀបចំគណៈរដ្ឋមន្រ្តីស្របតាមរដ្ឋធម្មនុញ្ញ។

ក្រោយព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាប់បង្គាប់ចាត់តាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីកម្ពុជាថ្មី មានការអបអរសាទរ និងជូនពរជាហូរហែរពីសំណាកពលរដ្ឋខ្មែរ មានតាំងពីក្រុមមន្រ្តីរដ្ឋជាន់ខ្ពស់ អ្នកវិភាគនយោបាយទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងអ្នកតាមដានស្ថានការណ៍នយោបាយផងដែរ។

ដោយឡែក សម្រាប់លោក ហ៊ុន ម៉ានីដែលជាបងប្អូនបង្កើតជាមួយនាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជាវិញ ក៏មិនខុសគ្នាពីអ្នកផ្សេងដែរ ដោយបានអបអរសាទរបងប្រុសខ្លួន ហើយលោកបានចេញសំណេរលើបណ្តាញសង្គមថា “ថ្ងៃនេះជាទិវាប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការបើកទំព័រថ្មីសម្រាប់រាជរដ្ឋាភិបាល ក្រោយការបោះឆ្នោត។ ការទទួលការប្រោសព្រះរាជទានដ៏ខ្ពង់ខ្ពស់បំផុតនេះ គឺជាការផ្តល់នូវព្រះរាជហឬទ័យជឿជាក់ និងទុកព្រះទ័យមកលើឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងក៏ដូចជាការប្រោះព្រុំពរជ័យបវរមហាប្រសើរដល់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តីថ្មីនេះផងដែរ” ។

លោកបន្តថា ការផ្ទេរអំណាចដែលបានប្រព្រឹត្តទៅនាពេលនេះពិតណាស់ គឺជាការបន្តនិរន្តរភាព និងការប្រព្រឹត្តទៅជាប្រកតីនៃស្ថាប័នកំពូលរបស់ជាតិដោយរលូនក្នុងសុខសន្តិភាព ។

លោកថា គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ត្រូវដឹកនាំរាជរដ្ឋាភិបាល បានឈ្វេងយល់ច្បាស់ពីសារៈសំខាន់ និងភាពចាំបាច់នៃការបន្តវេន និងបានរៀបចំកិច្ចការនេះតាំងពីមុនស្រេចទៅហើយ។ អ្នកបន្តវេនរបស់គណបក្សសុទ្ធតែបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលអម្រែកទំនួលខុសត្រូវដ៏ធំមួយនេះ។

លោក ហ៊ុន ម៉ានីសង្កត់ធ្ងន់ថា “យើងខ្ញុំទាំងអស់គ្នាជាកម្មាភិបាលនៃគណបក្សប្រជាជនកម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំគណបក្សដែលបានផ្តល់ការយកចិត្តទុកដាក់ និងផ្តល់ឱកាសសម្រាប់យុវជនជំនាន់ក្រោយ ក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ បណ្តុះមនសិការស្នេហាជាតិ ព្រមទាំងបង្ហាញផ្លូវសម្រាប់ការបន្តកិច្ចការបម្រើជាតិមាតុភូមិ” ។

លោកក៏បានអះអាងថា កម្ពុជាក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងដឹកនាំនាវាកម្ពុជាបន្តឆ្ពោះទៅមុខយ៉ាងស្វាហាប់ ក្រោមម្លប់នៃសន្តិភាពដែលបានត្រួសត្រាយ ពូនជ្រុំដោយថ្នាក់ដឹកនាំជំនាន់មុន៕

To Top