ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញបានឃាត់ខ្លួនឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនដីមាសនិងភរិយា ព្រមទាំងអង្គរក្ស៥នាក់ក្រោយផ្ទុះអាវុធជាមួយសមត្ថកិច្ចក្នុងករណីពលរដ្ឋតវ៉ា នៅការិយាល័យក្រុមហ៊ុនពិភពដីមាសនាល្ងាចថ្ងៃ ទី៧ ខែសីហា ឆ្នាំ២០២៣ស្ថិតនៅភូមិ ត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនកើតហេតុ មានអតិថិជនជាច្រេីននាក់ បានមកតវ៉ាប៉ុន្តែពុំមានការជួបណាមួយឡើយ ទើបអ្នកតវ៉ានាំគ្នាដុតកង់ឡាន ដើម្បីសុំជួបលោកឧកញ៉ាជជែកគ្នាដោះស្រាយ ។ លុះរសៀលថ្ងៃដដែល អ្នកតវ៉ាសុំចូលស្នាក់ការ និងសុំយកអ្នកថតចូលផង ក៏ត្រូវក្រុមអង្គរក្សរបស់លោកឧកញ៉ា វាយគ្នា និងដកកាំភ្លើងខ្លី រួចវាយសមត្ថកិច្ចម្នាក់ ទើបសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ ដើម្បីទប់ទល់ ។
បច្ចុប្បន្នសមត្ថកិច្ចនាំខ្លួនថៅកែក្រុមហ៊ុនដីមាស និងភរិយា ព្រមទាំងអង្គរក្សចំនួន៥នាក់ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕



