ភ្នំពេញ ៖ តបតាមសំណើ របស់រដ្ឋបាលខេត្តបាត់ដំបង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្រេចផ្អាក មិនឱ្យដំណើរជាបណ្តោះអាសន្ន នូវរាល់សកម្មភាពផលិតកម្ម របស់រោងចក្រ Phoenix Industrial CO.,LTD. ក្រោយពីរោងចក្រ បានធ្វើឲ្យលេចធ្លាយសំណល់រាវ (ទឹកកខ្វក់) ចូលក្នុងទឹកស្ទឹងសង្កែ ។
យោងតាមលិខិតរបស់ក្រសួងឧស្សាហកម្ម ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ដែលទើបបង្ហាញជាសាធារណៈនៅថ្ងៃនេះបានបញ្ជាក់ថា «ក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្រ្ទៀល ឯ.ក បានធ្វើឱ្យលេចធ្លាយនូវសំណល់រាវ(ទឹកកខ្វក់) ចូលក្នុងស្ទឹងសង្កែបណ្ដាលឱ្យទឹកស្ទឹងសង្កែប្រែជាពណ៌ខ្មៅខុសប្រក្រតី និងមានសារធាតុបំពុលធ្វើឱ្យងាប់ត្រីមួយចំនួន ហើយនេះជាលើកទី៣ដែលបង្កឱ្យមានផលប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ។ក្នុងករណីនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍តម្រូវឱ្យក្រុមហ៊ុនផ្អាកដំណើរការទាំងស្រុងនូវរាល់សកម្មភាពផលិតកម្មជាបណ្ដោះអាសន្នក្នុងរយៈពេល២ សប្ដាហ៍ដោយរក្សាបៀវត្សរ៍បុគ្គលិក កម្មករជាធម្មតា គិតចាប់ពីថ្ងៃទី៤ ខែសីហា ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ដើម្បីធ្វើការកែសម្រួលឡើងវិញនូវរាល់កំហុសឆ្គង»។
ក្រសួងឧស្សាហកម្មបញ្ជាក់បន្ថែមថា «ក្រុមហ៊ុននឹងត្រូវប្រឈមមុខក្នុងការផ្អាកជាបន្តទៀត ក្នុងករណីពុំបានអនុវត្តត្រឹមត្រូវ និងទាន់ពេលវេលាតាមលក្ខខណ្ឌ»។
ពាក់ព័ន្ធករណីនេះ តាមរយៈសេចក្ដីបំភ្លឺកាលពីថ្ងៃទី៤ ខែសីហា រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ពីការណែនាំដល់មន្រ្តីបច្ចេកទេស រដ្ឋាករទឹកបាត់ដំបងធ្វើការពិនិត្យ និងបានរកឃើញថាទឹកស្អាតដែលត្រូវផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅតែរក្សាបានគុណភាពល្អជាធម្មតាអនុលោម តាមស្ដង់ដារគុណភាពទឹកស្អាត និងមិនមានប៉ះពាល់ដល់សុខភាពឡើយ ហើយបច្ចុប្បន្នទឹកស្ទឹងសង្កែបានវិលត្រឡប់ មកសភាពដើមជាធម្មតា៕