ព័ត៌មានជាតិ

ក្នុងឆ្នាំ២០២៤ អភិបាលខេត្តកំពង់ចាម ប្តេជ្ញាអភិវឌ្ឍន៍តំបន់ទន្លេអុំ ឲ្យក្លាយជាតំបន់ទេសចរណ៍មួយទៀត ក្នុងក្រុងកំពង់ចាម

កំពង់ចាម ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៥១ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅថ្ងៃទី ១០ ខែសីហាឆ្នាំ ២០២៣ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានរៀបចំផែនការអភិវឌ្ឍន៍តំបន់ទន្លេអុំ ក្បែរវិមានឯករាជ្យ ក្នុងក្រុងកំពង់ចាម ឱ្យក្លាយជាតំបន់ទេសចរណ៍មួយទៀត នៅក្នុងឆ្នាំ ២០២៤ ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ក្នុងឆ្នាំ ២០២៤ ខាងមុខនេះ រដ្ឋបាលខេត្តកំពង់ចាម មានផែនការអភិវឌ្ឍន៍ច្រើន ជាពិសេសគឺតំបន់ទន្លេអុំ ក្នុងក្រុងកំពង់ចាម ដែលត្រូវជំរុញអភិវឌ្ឍន៍តំបន់នេះឲ្យមានសោភ័ណភាពស្រស់បំព្រង ដោយរៀបចំធ្វើសួនច្បារ និងពង្រីកផ្លូវ ទទឹងប្រវែង ២ម៉ែត្រ សងខាង ចាប់ពីកន្លែង រង្វង់មូលសេះ រហូតដល់វិមានឯករាជ្យ និងរៀបចំដាំដើមឈើឡើងវិញ និងដាក់ភ្លើងបំភ្លឺតាមដងផ្លូវផងដែរ ។

លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា ចំណែកឯ ក្នុងតំបន់ទន្លេអុំ យ៉ាងហោចត្រូវមានទឹកជម្រៅ ៣ ម៉ែត្រ ដែលអាចប្រើទូកអុំបាន និងត្រូវរៀបចំធ្វើទំនប់បង្ហៀរ ចំណែកឯច្រាំងទន្លេអុំ ធ្វើជាបេតុង តាមថ្នាក់ៗ ដែលអាចអង្គុយ កម្សាន្តបានដែរ ។

លោកអភិបាលខេត្ត បានរំលឹកផងដែរថា បច្ចុប្បន្នផ្លូវចូលទីរួមខេត្ត ពីនាគព័ន្ធមានទំហំតូចចង្អៀត ។ ប៉ុន្តែយ៉ាងណាក៏ដោយ រដ្ឋបាលខេត្តប្ដេជ្ញាអភិវឌ្ឍន៍តំបន់នេះឲ្យមានផ្លូវចូលធំទូលាយ ប្រកបដោយសោភ័ណភាព តាមដងផ្លូវ និងតំបន់ទន្លេអុំ ឲ្យកាន់តែមានការទាក់ទាញដល់ភ្ញៀវទេសចរណ៍ សម្រាប់ឆ្នាំ ២០២៤ ខាងមុខនេះ ៕

By . Kizona

To Top