ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើមូលនិធិរូបិយវត្ថុអន្តរជាតិ បន្តគាំទ្រជំនួយបច្ចេកទេស និងបណ្តុះបណ្តាលដល់មន្ត្រីជំនាញ ដើម្បីបន្តអភិវឌ្ឍន៍មូលធនមនុស្ស និងពង្រឹងសមត្ថភាពស្ថាប័នរបស់ក្រសួង។ នេះបើយោងតាមសេក្ដីប្រកាសព័ត៌មាន ក្រសួងសេដ្ឋកិច្ច។
នាឱកាសអញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយ លោក Yasuhisa Ojima ប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជា ជម្រាបលា នាថ្ងៃទី៩ សីហា លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ក្រោមការដឹកនាំរបស់លោក Yasuhisa Ojima, មូលនិធិរូបិយវត្ថុអន្តរជាតិ បានផ្ដល់ការគាំទ្រដល់ក្រសួងសេដ្ឋកិច្ចក្នុងការបន្តតាមដាន និងវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា, ការបណ្តុះបណ្តាលដល់មន្ត្រីជំនាញរបស់ក្រសួង និងការផ្តល់ជំនួយបច្ចេកទេសដល់អគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង ដូចជា ការពង្រឹងម៉ូដែលព្យាករណ៍សេដ្ឋកិច្ច, ការរៀបចំស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល, ការពិនិត្យឡើងវិញលើច្បាប់ស្តីពីគយ, ព្រមទាំងវិធានការកែទម្រង់របស់រាជរដ្ឋាភិបាលមួយចំនួនទៀត ពិសេសការគាំទ្រដល់វិទ្យាស្ថានស្ថិតិក្នុងការរៀបចំ ផ.ស.ស ឆ្នាំ គោលថ្មី ជាដើម។
ទន្ទឹមនេះឧបនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ស្នើសុំឲ្យមូលនិធិរូបិយវត្ថុអន្តរជាតិ ជួយពិនិត្យឡើងវិញ លើក្របខណ្ឌ និងយន្តការនៃការគ្រប់គ្រងបំណុលសាធារណៈប្រកបដោយនិរន្តរភាព ព្រមទាំងបន្តគាំទ្រជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលដល់មន្ត្រីជំនាញ ដើម្បីបន្តអភិវឌ្ឍន៍មូលធនមនុស្ស និងការពង្រឹងសមត្ថភាពស្ថាប័នរបស់ក្រសួង»។
ជាការឆ្លើយតប លោក Yasuhisa Ojima បានថ្លែងអំណរគុណចំពោះកិច្ចសហការយ៉ាងល្អប្រសើរជាមួយក្រសួងសេដ្ឋកិច្ច និងអបអរសាទរកម្ពុជាដែលបានគ្រប់គ្រងសេដ្ឋកិច្ចបានល្អ ទោះបីជាឆ្លងកាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ និងបញ្ហាប្រឈមនានាក្នុងតំបន់និងសកល ។ ទន្ទឹមនេះ លោក នឹងបន្តជំរុញការគាំទ្របច្ចេកទេសដល់ប្រទេស កម្ពុជា ពិសេស ការស្នើសុំថ្មីរបស់លោក ឧបនាយករដ្ឋមន្ដ្រី៕