ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រកាស ដាក់ឱ្យអនុវត្តនូវគម្រោងសាកល្បង របបថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ តាមរបបភាគទានដោយស្ម័គ្រចិត្ត សង្កេតឃើញថាបងប្អូន ប្រជាពលដែលកំពុងប្រកបរបរ និងមានចំណូលផ្ទាល់ខ្លួន មានការសប្បាយរីករាយយ៉ាងខ្លាំង ព្រោះពួកគាត់ក៏អាចមានសិទ្ធិ ក្នុងការស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. និងទទួលបានការគាំពារ ទៅលើការថែទាំសុខភាព រួមទាំងប្រាក់បំណាច់មាតុភាព ដូចទៅនឹងបងប្អូនមន្រ្តីរាជការ និងអ្នកដែលកំពុងមានការងារធ្វើ ជាសមាជិក ប.ស.ស. ដទៃទៀតផងដែរ។
លោកស្រី ជា សោភីន ប្រកបរបរជាជាងកាត់ដេរម្នាក់ ក៏ដូចជាបងប្អូនអាជីវករជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍ពិតថា ពួកគាត់ពិតជាសប្បាយរីករាយខ្លាំងណាស់ ព្រោះមិនធ្លាប់នឹកស្មានថា ត្រឹមជាពលរដ្ឋធម្មតា មានមុខរបរតិចតួចនៅផ្ទះសោះ ក៏អាចទទួលបានសិទ្ធិ ក្នុងការស្នើសុំបណ្ណ័សមាជិក ប.ស.ស. បានដែរ។ ពួកគាត់បានបន្តទៀតថា ប័ណ្ណ ប.ស.ស. នេះ ពិតជាសំខាន់ណាស់ សម្រាប់ពួកគាត់ ព្រោះអាចជួយសម្រាល លើបន្ទុកចំណាយបានច្រើនណាស់ នៅពេលគាត់ឈឺត្រូវទៅពេទ្យ ពិសេសពេលសម្រាលកូន មិនអស់ថ្លៃសម្រាលហើយ ថែមទាំងបានប្រាក់ឧបត្ថម្ភពី ប.ស.ស. ទៀត។
បើយោងតាមការបញ្ជាក់របស់ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម និងជាអ្នកនាំពាក្យរបស់ ប.ស.ស. បានបញ្ជាក់ថា៖ គិតចាប់ពីថ្ងៃប្រកាសដាក់ឱ្យអនុវត្ត នូវគម្រោងសាកល្បងខាងលើ រហូតមកដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញនេះ មានបងប្អូនប្រជាពលរដ្ឋ ជាបុគ្គលស្វ័យនិយោជន៍សរុបប្រមាណជា ២០ ០៣១នាក់ (ស្រីចំនួន ១១ ៧០៧នាក់) បានមកស្នើសុំចុះឈ្មោះ ចូលជាសមាជិក ប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្ត ដែលក្នុងនោះគ្រាន់តែនៅរាជធានីភ្នំពេញ មានចំនួន ១២ ៨៤៣នាក់ (ស្រីចំនួន ៧ ០៣៧នាក់)។
គួរបញ្ជាក់ផងដែរថា សម្រាប់បុគ្គលស្វ័យនិយោជន៍ ដើម្បីមានសិទ្ធិទទួលប័ណ្ណសមាជិក ប.ស.ស. លោកអ្នកត្រូវអនុវត្ត តាមលក្ខខណ្ឌរួមមាន៖ (១) មានមុខរបរមានប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនិងប្រាក់ឈ្នួល (២) ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក (៣) ត្រូវមានអាយុមិនលើសពី៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅ ប.ស.ស. និងទី (៤) សាមីខ្លួនត្រូវអញ្ជើញ មកស្នើសុំធ្វើប័ណ្ណ ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព) ។
គួរឱ្យដឹងផងដែរថា៖ គិតរហូតមកដល់ពេលនេះ បេឡាជាតិសន្តិសុខសង្គមមានសមាជិកសរុបចំនួន ១ ៩៤៥ ៧៩៥នាក់ (ស្រីចំនួន ១ ០៧៦ ៣៩៦នាក់) ដែលក្នុងនោះសមាជិក ប.ស.ស. ក្នុងវិស័យឯកជនមានចំនួន ១ ៤៩១ ៦១៣នាក់ (ស្រីចំនួន ៩២៤ ៥៧១នាក់), សមាជិក ប.ស.ស. ក្នុងវិស័យសាធារណៈ ចំនួន ៤៣៤ ១៥១នាក់ (ស្រីចំនួន ១៤០ ១១៨នាក់) និងសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍សរុបចំនួន ២០ ០៣១នាក់ (ស្រីចំនួន ១១ ៧០៧នាក់)៕