ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ក្នុងសង្កាត់ទាំង១០៥ បន្តការបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរថែមទៀត ពោលគឺឲ្យសមទៅនឹងការជឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋ មកលើអាជ្ញាធរ។
ការជំរុញរបស់លោក ឃួង ស្រេង ធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ សីហាឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានលើកឡើងថា ការផ្ដល់សេវាតាមរយៈច្រកចេញចូលតែមួយ នៅទូទាំងខណ្ឌទាំង១៤ ក៏ដូចជាសង្កាត់ទាំង១០៥ឃើញមានលក្ខណៈល្អប្រសើរ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។ ដូច្នេះអាជ្ញាធរ បន្តការខិតខំប្រឹងប្រែង លើការផ្ដល់សេវាជូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរថែមទៀត ខណៈពលរដ្ឋបច្ចុប្បន្នរស់នៅក្នុងភាពស៊ីវិល័យ តម្រូវឲ្យការងារក៏ត្រូវតែស៊ីវិល័យ ឲ្យលឿនទាន់ចិត្តទៅតាមនោះដែរ។
លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ឆ្លងតាមលទ្ធផលនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងមក បានបង្ហាញឲ្យឃើញពលរដ្ឋពិតជាស្រឡាញ់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធររាជធានីភ្នំពេញ។ ដូច្នេះជាការឆ្លើយតប ត្រូវតែបម្រើពួកគាត់ឲ្យបានឲ្យកាន់តែល្អឲ្យសមទៅនឹងការជឿទុកចិត្ត និងការស្រឡាញ់របស់ពលរដ្ឋមកលើអាជ្ញាធរ។
ក្នុងនោះដែរលោក ម៉ប់ សារិន កោតសរសើរគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់ថ្នាក់ ខណ្ឌ សង្កាត់ កងកម្លាំង និងអ្នកពាក់ព័ន្ធដែលបានយកចិត្តទុកដាក់ខិតខំ ការពារ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល២១ថ្ងៃ និងថ្ងៃបោះឆ្នោតជ្រើសរើសតាំង តំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ តាំងពីចាប់ផ្តើមរហូតដល់ចប់ ដោយធានាបានសុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយបានល្អប្រសើរ និងទទួលបានជោគជ័យទាំងស្រុង។
លោកបន្តថា លទ្ធផលផ្លែផ្កាលើគ្រប់វិស័យដែលសម្រេចបានក្នុងខែកក្កដា ឆ្នាំ២០២៣ពិតជាបានកើតចេញពីការចូលរួមយ៉ាងសកម្មប្រកបដោយស្មារតីភ្ញាក់រលឹក សាមគ្គីឯកភាព របស់មន្ត្រីរាជការគ្រប់ លំដាក់ថ្នាក់ និងប្រជាជនរាជធានីភ្នំពេញ ក្រោមការដឹកនាំយកចិត្តទុកដាក់របស់គណៈអភិបាលរាជធានីភ្នំពេញ ។ តាមរយៈសមិទ្ធផលនេះ ពិសេសការរីកចម្រើនវិស័យសេដ្ឋកិច្ច បានចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន រាជធានីភ្នំពេញឲ្យកាន់តែមានភាពប្រសើរឡើង៕