ព័ត៌មានជាតិ

អាជ្ញាធរក្រុងបាវិត បើកវេទិកាសាធារណៈ ដើម្បីឲ្យពលរដ្ឋចូលរួមលើកជាកង្វល់និង សំណូមពរឲ្យអាជ្ញាធរជួយដោះស្រាយ

ស្វាយរៀង៖ លោកណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត និងលោកលឹម សៀង ហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទិ១១ខែសីហា ឆ្នាំ២០២៣ បានបើកវេទិកាសាធារណៈជូនប្រជាពលរដ្ឋ ដើម្បីលើកឡើងអំពីការសំណូមពរ ក៏ដូចជាបញ្ហាកង្វល់ នានានៅមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរនិងមន្ត្រីជំនាញជួយដោះស្រាយ ឲ្យមានប្រសិទ្ធភាពនិងតម្លាភាព។

អង្គវេទិកាសាធារណៈនេះ បានធ្វើឡើងនៅក្នុងវត្តដងទង់ ស្ថិតនៅក្នុងសង្កាត់បាទី ដែលមានការចូលរួមពីរអាជ្ញាធរដែនដី មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋចំនួន២សង្កាត់ គឺសង្កាត់បាទី និងសង្កាត់ប្រាសាទ ក្រុងបាវិត។

នៅក្នុងវេទិកាសាធារណៈនេះប្រជាពលរដ្ឋបានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនដូចជាបញ្ហាដីធ្លី អគ្គិសនី ផ្លូវជាដើម។
ចំពោះការលើកឡើងទាំងអស់នេះ ត្រូវបានលោកលឹម សៀងហេង អភិបាលក្រុងបាវិតក៏បានធ្វើការពន្យល់ និងដោះស្រាយជូនប្រជាពលរដ្ឋ មានដូចជាបញ្ហាដីធ្លី មានពលរដ្ឋ ១គ្រួសារបានលក់ដីទៅឲ្យគេ តែមិនបានលុយគ្រប់ បានតែលុយកក់ ៩០ ដុល្លារ ហើយភាគីអ្នកទិញបានរត់ការធ្វើប្លង់ យកដីរបស់គាត់ ដោយភាគីអ្នកទិញបានអះអាងថា បានប្រគល់លុយគ្រប់ចំនួនទៅឲ្យអ្នកគក់ជេរដីរួចហើយ ដោយអ្នកគក់ជេរ មិនព្រមឲ្យលុយអ្នកលក់ដីនោះទេ បែរជាយកលុយនោះទៅលេងល្បែងអស់។

ចំពោះករណីនេះលោកអភិបាលក្រុងក៏បានស្នើឲ្យមន្ត្រីជំនាញសូរិយោដី ពិនិត្យមើលឡើងវិញមិនត្រូវឱ្យមានការលក់ទិញនៅលើដីមានទំនាស់នេះជាដាច់ខាត និងឲ្យភាគីអ្នកលក់ធ្វើការប្ដឹងជំទាស់ទៅតុលាការផងដែរ តែពលរដ្ឋមួយគ្រួសារនេះ មិនព្រមប្ដឹងទៅតុលាការនោះទេ ស្នើឲ្យអាជ្ញាធរជួយដោះស្រាយក្រៅប្រព័ន្ធតុលាការវិញ។

ពាក់ព័ន្ធនឹងបញ្ញាដីធ្លីនេះដែរ ពលរដ្ឋក៏បានលើកឡើងអំពីមន្ត្រីជំនាញសូរិយោដីចុះវាស់វែងធ្វើប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋតែបែរជាចេញប្លង់មកច្រឡំក្បាលដីគ្នាទៅវិញ។

ចំពោះករណីនេះដែរ លោកអភិបាលក្រុងបាវិតបានស្នើឲ្យមន្ត្រីជំនាញសូរិយោដី ចុះធ្វើការជាមួយប្រជាពលរដ្ឋពាក់ព័ន្ធនឹងការចេញប្លង់ច្រឡំក្បាលដីនេះ ដើម្បីដាក់សំណើស្នើទៅមន្ទីរសូរិយោដីខេត្ត ក្នុងការកែតម្រូវប្លង់ឡើងវិញ ហើយរាល់ការបិទផ្សាយ បញ្ជីក្បាលដីនៅមូលដ្ឋាន សូមប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យដោយផ្ទាល់ដោយខ្លួនឯង ដើម្បីជៀសវាងចេញប្លង់មកច្រឡំបែបនេះ។

ចំពោះបញ្ហាអគ្គិសនីវិញ ត្រូវបានមន្ត្រីអគ្គិសនីលើកឡើងថា នៅឆ្នាំ២០២៤ខាងមុខនេះបង្គោលភ្លើងរដ្ឋ និងដាំតាមភូមិទាំងអស់នៅក្នុងក្រុងបាវិត ដើម្បីឲ្យប្រជាពលរដ្ឋមានភ្លើងប្រើប្រាស់គ្រប់គ្រាន់។

បន្ថែមលើសពីនេះលោកអភិបាលក្រុងបាវិតក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអប់រំផ្សព្វផ្សាយដល់កូនចៅ ឲ្យចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមសហការផ្ដល់ព័ត៌មានអំពីមុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀនដល់សមត្ថកិច្ច និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ព្រមទាំងអនុវត្តឱ្យបាននូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានរស់នៅដោយភាពសុខសាន្តគ្មានអំពើលួច ឆក់ប្លន់ ជាពិសេសកុំព្រលែងសត្វពាហនៈពាសវាល ពាសកាល ដែលនាំឲ្យបាត់បង់នូវសណ្តាប់ធ្នាប់សាធារណៈ និងបង្កគ្រោះថ្នាក់ចរាចរណ៍ដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវផងដែរ។

លោកណុប សារ៉ុនប្រធានក្រុមប្រឹក្សាក្រុងបាវិតបានបញ្ជាក់ថា វេទិកាសាធារណៈនេះ បានធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋ បានចូលសំដែងមតិ ឬផ្តល់យោបល់ទាក់ទងទៅនឹងទុក្ខកង្វល់ ពិសេសទៅនឹងគោលការណ៍ភូមិឃុំមានសុវត្ថិភាព និងរួមគ្នាដោះស្រាយផ្តល់ភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ 

លោកបានបន្តថា រាល់វេទិការសាធារណៈនៅគ្រប់មូលដ្ឋាន បងប្អូនប្រជាពលរដ្ឋត្រូវហ៊ាននិយាយការពិតនូវរាល់ចំណុចសកម្ម និងចំណុចអសកម្ម ដែលកើតមាននៅក្នុងមូលដ្ឋានតាមរយៈវេទិកាសាធារណៈ ព្រោះថា វេទិកានេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱកាសឲ្យបងប្អូនបញ្ចេញយោបល់ ដើម្បីធ្វើការកែលម្អភាពចន្លោះប្រហោងរបស់មូលដ្ឋាន អោយកាន់តែមានប្រសិទ្ធភាពផងដែរ៕

To Top