ព័ត៌មានជាតិ

កិតិ្ត ទេសា ភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ច នៅចិន ២លើកមុននិងក្រោយទៅអាមេរិក

ភ្នំពេញ៖ កិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់តាំងនៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិនចំនួនពីរលើកពោលគឺនៅមុននិងក្រោយពេលទៅចូលរួមថ្លែងការណ៍នៅមហា​សន្និបាត​អង្គ​ការ​សហ​ប្រជា​ជាតិ ​(UNGA)​ ដែលនឹង​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​កញ្ញា​ ឆ្នាំ២០២៣ខាងមុខនេះ។

បើតាមកាលវិភាគ នៃដំណើរទស្សនកិច្ចនេះ គឺកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងទៅក្នុងនាម នាយករដ្ឋមន្រ្តីពេញសិទ្ធិរបស់កម្ពុជា។

នៅក្នុងជំនួបជាមួយ កិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នះ លោក វ៉ាង យី បានបញ្ជាក់អំពីជំហរ បន្តជំរុញការអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព និងភាពជិតស្និទ្ធជាមួយកម្ពុជា ហើយភាគីមិត្តចិន នឹងត្រៀមទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការ និងការចូលរួមរបស់ កិតិ្តទេសាភិបាលបណ្ឌិត នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នាពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ »។

ជាការឆ្លើយតប កិតិ្តទេសាភិបាលបណ្ឌិត បានថ្លែងអំណរគុណ និងធ្វើការគូសបញ្ជាក់ជូនភាគីមិត្តចិននូវការរក្សាគោលជំហរ ឥតប្រួលប្រែ របស់រាជរដ្ឋាភិបាលថ្មី នៃព្រះរាជាណាចក្រកម្ពុជាចំពោះ «គោលនយោបាយចិនមួយ» និងការមិនជ្រៀតជ្រែក លើកិច្ចការផ្ទៃក្នុងរបស់ចិន ។

ជាមួយគ្នានេះ កិតិ្តទេសាភិបាលបណ្ឌិត បានឆ្លើយតបទៅនឹង ការអញ្ជើញរបស់ភាគីមិត្តចិន ទៅចូលរួមពិធីខួបលើកទី១០ នៃការបង្កើត គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតប្រទេសចិន នាពាក់កណ្តាល ខែតុលា ឆ្នាំ២០២៣ ខាងមុខ៕

To Top