ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ម្ចាស់អាជីវកម្ម ដែលនាំចូលត្រីពីរ៉ាន់ញ៉ា ជាប្រភេទត្រីស៊ីសាច់ជាអាហារ បានធ្វើកិច្ចសន្យាឈប់នាំចូល និងឯកភាពបំផ្លាញចោលរួចរាល់ហើយ។
នាពេលថ្មីៗនេះមានការផ្សព្វផ្សាយលើបណ្តាញ Tiktok និងហ្វេសប៊ុក អំពីការនាំចូល និងលក់ចែកចាយប្រភេទត្រីពីរ៉ាន់ញ៉ា (Piranha) ដែលមានលក្ខណៈកាចសាហាវ និងស៊ីសាច់ជាអាហារ។
តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងកសិកម្ម នាថ្ងៃទី១៣ សីហា បានឲ្យដឹងថា ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះត្រួតពិនិត្យ និងអនុវត្តច្បាប់ដល់ទីកន្លែងលក់ តាំងពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣កន្លងមកម្លេះ។ ក្រសួង គូសបញ្ជាក់ថា «ម្ចាស់អាជីវកម្មបានធ្វើកិច្ចសន្យាឈប់នាំចូល និងបានឯកភាពបំផ្លាញចោលតីពីរ៉ាន់ញ៉ា ដែលបាននាំចូលរួចរាល់ហើយ»។
ក្រសួង បានកោតសរសើរចំពោះរដ្ឋបាលជលផល ដែលបានចាត់វិធានការទាន់ពេលវេលា និងសូមអំពាវនាវដល់សាធារណជន ព្រមទាំងអាជីវករ មិនត្រូវនាំចូលប្រភេទត្រីពីវ៉ាន់ញ៉ា ឬប្រភេទត្រីផ្សេងទៀត ដែលអាចនាំឱ្យមានផលប៉ះពាល់ដល់ប្រភេទត្រីធម្មជាតិ ក៏ដូចមនុស្ស សត្វ និងបរិស្ថាននោះឡើយ។
ក្រសួង បន្ដថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានដឹងអំពីការនាំចូលត្រីពីរ៉ាន់ញ៉ា ឬប្រភេទត្រីកាចសាហាវផ្សេងទៀតយកមកចិញ្ចឹម ឬចិញ្ចឹមលម្អ សូមរាយការណ៍ដល់សមត្ថកិច្ចជំនាញជលផលដើម្បីចាត់វិធានការសមស្រប។ ចំពោះអ្នកដែលកំពុងចិញ្ចឹមប្រភេទត្រីទាំងនេះ សូមកុំលែងចូលធម្មជាតិ តែត្រូវប្រគល់ឱ្យរដ្ឋបាលជលផលជាកំហិត៕