ព័ត៌មានជាតិ

សម្ដេច ស ខេង ប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្រ្តនគរបាលចំនួន ៥៦៩នាក់

រូបភាព អេង ប៊ូឆេង

កណ្តាល ៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ សម្តេច ស ខេង ឧបនាយកដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល ជូនដល់និស្សិតជ័យលាភី ចំនួន៥៦៩នាក់ នៅបណ្ឌិត្យភានគរបាលកម្ពុជា។

នាឱកាសនោះ នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកឡើងអំពីអត្ថប្រយោជន៍និងតម្លៃនៃការងារបណ្ដុះបណ្ដាល គុណភាពអប់រំ ប្រសិទ្ធភាពនៃការដឹកនាំគ្រប់គ្រង និងភាពជោគជ័យនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់របស់បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគទាំង៦ ដើម្បីបំពេញបានតាមតម្រូវការនៃការងារបណ្ដុះបណ្ដាល ស្របតាមផែនការយុទ្ធសាស្ត្រនិងកម្មវិធីកំណែទម្រង់របស់ខ្លួន។

ក្នុងន័យនេះ នាយឧត្តមសេនីយ៍សាស្ដ្រាចារ្យ ក៏បានគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃដែលបានគាំទ្រឧបត្ថម្ភ និងផ្ដល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍបណ្ឌិត្យសភាលើគ្រប់ផ្នែក ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិឲ្យបានល្អប្រសើរ។

សូមបញ្ជាក់ថា និស្សិតជ័យលាភីទាំងនេះ គឺជាធនធានមនុស្សថ្មីផ្នែកកងកម្លាំងនគរបាលជាតិ ប្រកបដោយសក្តានុពល និងមានលក្ខណសម្បត្តិសមស្រប ដើម្បីបំពេញភារកិច្ចទទួលខុសត្រូវក្នុងការងារសន្តិសុខ សណ្តាប់ធ្នាប់ សារធារណៈ សុវត្ថិភាពសង្គម និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ។ នេះជាសក្ខីភាពបង្ហាញពីលទ្ធផលជោគជ័យថ្មីៗបន្ថែមទៀត របស់បណ្ឌិត្យសភានគរបាលកម្ពុជាដែលបានខិតខំប្រឹងប្រែងរួមគ្នាធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹងនិងផ្នែកទន់ ដើម្បីទ្រទ្រង់និង បំពេញតម្រូវការនៃការងារបណ្តុះបណ្តាល ព្រមទាំងធ្វើទំនើបកម្មនិងអន្តរជាតិនីយកម្មនៃកម្មវិធីអបរំគ្រប់កម្រិត ក្នុងគោលដៅបណ្តុះបណ្តាលតម្រង់ទិសទៅរកនគរបាលអាជីព ដែលមានសមត្ថភាពជំនាញច្បាស់លាស់ គោរពក្រមសីធម៌វិជ្ជាជីវៈ គោរពច្បាប់ គោរពសិទ្ធិមនុស្ស ចេះក្បាច់គុនការពារខ្លួននិងចាប់ជនល្មើស(កម្រិត ខ្សែក្រវាត់ខ្មៅ១ដាន់ ) មានកាយសម្បទារឹងមាំ មានភាពសកម្មនិងរហ័សរហួនក្នុងជំនាញចិត្តចលនានៃយុទ្ធវិធី នគរបាល ស្របតាមកម្មវិធីកំណែទម្រង់នគរបាលជាតិ និងផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ព្រមទាំងគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់រាជរដ្ឋាភិបាល ក្រោមការ ដឹកនាំដ៏ឈ្លាសវៃបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

រូបភាព អេង ប៊ូឆេង
To Top