ព័ត៌មានជាតិ

មូលនិធិជាតិជំនួយសង្គម បើកប្រាក់សោធនរបបសន្តិសុខសង្គម ជូនអតីតយុទ្ធជន-មន្ត្រីរាជការ និងអ្នកនៅក្នុងបន្ទុក

រូបភាព៖ ហ្វេសប៊ុកមូលនិធិជាតិជំនួយសង្គម

ភ្នំពេញ ៖ មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) បានប្រកាសប្រាប់ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុកថា ប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី១ ក្នុងខែសីហា ឆ្នាំ២០២៣ នឹងត្រូវបានបើកផ្ដល់ជូនចាប់ពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ តទៅ ។

យោងតាមសេចក្ដីជូនដំណឹងរបស់មូលនិធិជាតិជំនួយសង្គម បានឲ្យដឹងថា ការបើកប្រាក់នេះ ធ្វើឡើងតាមរយៈប្រព័ន្ធធនាគារដៃគូ ។ ក្នុងនោះ សម្រាប់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុកដែលមានអាសយដ្ឋាននៅរាជធានីភ្នំពេញ អាចទៅបើកប្រាក់សោធនបានតាមប្រព័ន្ធធនាគារកាណាឌីយ៉ា ក.អ. នៅគ្រប់សាខារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស ដោយត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនីរបស់ធនាគារកាណាឌីយ៉ា ក.អ. និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬកាតអេធីអឹម (ប្រើតាមទូ ATM)។

សម្រាប់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក មានអាសយដ្ឋាននៅតាមបណ្តាខេត្ត ទាំង២៤ អាចទៅបើកប្រាក់សោធនបានតាមប្រព័ន្ធធនាគារអេស៊ីលីដា ភីអិលស៊ី នៅគ្រប់សាខារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស ដោយត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនីរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី និងអត្តសញ្ញាណ ប័ណ្ណសញ្ញាតិខ្មែរ ឬកាតអេធីអឹម (ប្រើតាមទូ ATM)។

ចំពោះប្រាក់គោលនយោបាយរបបសន្តិសុខសង្គមរបស់សពអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងប្រាក់គោល នយោបាយប្រចាំខែសម្រាប់អ្នកនៅក្នុងបន្ទុក និងកូនកំព្រារបស់សពអតីតមន្ត្រីរាជការស៊ីវិល ត្រូវបានរៀបចំបើកជូនដល់ គេហដ្ឋាន ឬសាលាឃុំ/សង្កាត់ ក្រុង ស្រុក/ខណ្ឌ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធ័ជន និងយុវនីតិសម្បទា រាជធានី ខេត្ត។

មូលនិធិជាតិជំនួយសង្គម បញ្ជាក់ថា ក្នុងករណីអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល មានជំងឺមិនអាចទៅបើកប្រាក់សោធន នៅធនាគារបាន ឬទទួលមរណភាព អ្នកនៅក្នុងបន្ទុក និងអ្នកដែលបានទទួលសិទ្ធិបើកប្រាក់សោធនប្រចាំខែ ត្រូវជូនដំណឹងជាបន្ទាន់មកមូលនិធិជាតិជំនួយសង្គម តាមប្រព័ន្ធទូរស័ព្ទលេខ 015 219 888-092 219 888 ឬគេហទំព័រហ្វេសប៊ុកផេក “មូលនិធិជាតិជំនួយសង្គម” ៕

To Top