ព័ត៌មានជាតិ

អភិបាល​រាជធានី​ភ្នំពេញ​ ណែនាំ​ឱ្យ​ពង្រឹង​ សន្តិសុខ ក្នុងថ្ងៃប្រជុំសភា​ និង​ថ្ងៃ​រាជរដ្ឋាភិបាល ​អាណត្តិ​ថ្មី ​ស្បថ​ចូលកាន់​តំណែង​

រូបភាព ៖ រដ្ឋបាលរាជធានីភ្នំពញ

ភ្នំពេញ ៖ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំង និងអាជ្ញាធរខណ្ឌទាំង១៤ ពង្រឹងការងារ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យបរិស្ថាននៅទីតាំង រដ្ឋសភា និងនៅមុខព្រះបរមរាជវាំង នៅថ្ងៃទី២១និង២២សីហាខាងមុខនេះ ដែលជាថ្ងៃប្រជុំសភា និងការស្បថចូលកាន់តំណែង សម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី ។

រូបភាព ៖ រដ្ឋបាលរាជធានីភ្នំពញ

ការជំរុញបែបនេះ បានធ្វើឡើងនាថ្ងៃទី១៤ សីហា ២០២៣​ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីកងកម្លាំង ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ និងអភិបាលខណ្ឌទាំង១៤ ។

ក្នុង​កិច្ច​ប្រជុំ​នេះ​ លោកឃួង ស្រេង បានលើកឡើងថា ក្នុងនាមកងកម្លាំង​ និងអាជ្ញាធរ ត្រូវជំរុញកិច្ចការពារសន្តិសុខ សណ្តាប់ជាមួយនិងការរឹតបន្តឹង ការពិនិត្យជាតិអាកុល នៅក្នុងមូលដ្ឋានឲ្យបានជាប់ជាប្រចាំ។ ជាមួយគ្នានោះ ការបង្ការគ្រោះអគ្គីភ័យ ក៏ជារឿងមួយដែល លោក ឃួង ស្រេង ជំរុញឲ្យកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ផងដែរ។

លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃទី២១ និង២២ សីហា ខាងមុខនេះ អាជ្ញាធរខណ្ឌ ដែលមានរដ្ឋសភា​ និងព្រះបរមរាជវាំង នៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវតែរៀបចំ សណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន ឲ្យបានល្អជាមួយនឹងការរក្សា ឲ្យបាននូវសន្តិសុខខ្ពស់បំផុត នៅទីតាំងទាំង២នេះ៕

To Top