ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការជាតិអ្នកជំនាញ ទេសចរណ៍ បានថ្លែងថា កម្ពុជា ជាប្រទេសនាំមុខគេក្នុងតំបន់ លើការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ដល់យុវជន តាមស្តង់ដាអាស៊ាន ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងទេសចរណ៍ ។
ក្នុងកិច្ចប្រជុំបូកសរុការងាររបស់គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រី ថោង ខុន បានឲ្យដឹងថា សមិទ្ធផលនានាដែលគណៈកម្មាធិការជាតិសម្រេចបាន ក្នុងការបណ្ដុះបណ្ដាលជំនាញទេសចរណ៍លើយុវជន ស្របតាមយន្តការជាតិ និងអាស៊ាន រួមមាន ៖ ការរៀបចំកម្មវិធីសិក្សា ការបណ្ដុះបណ្ដាលគ្រូ បទដ្ឋានគតិយុត្តិផ្សេងៗ ការអនុវត្តកម្មវិធីវាយតម្លៃអ្នកជំនាញ មានបទពិសោធន៍ តែពុំមានវិញ្ញាបនត្រ បញ្ចូលកម្មវិធីសិក្សា ទេសចរណ៍តាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមួយចំនួន ព្រមទាំងកម្មវិធីសិក្សាផ្សេងៗ» ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា «តាមការវាយតម្លៃរបស់វិទ្យាស្ថាន ERIA កម្ពុជានៅតែជាប្រទេស ដែលនាំមុខគេក្នុងការបណ្ដុះបណ្ដាល ជំនាញទេសចរណ៍ក្នុង ក្របខណ្ឌអាស៊ាន តាមស្តង់ដាកម្មវិធីរួម» ។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រី បានណែនាំដល់ជំនាញ ត្រូវរៀបចំអនុវត្តការងារ ឲ្យបានកាន់តែសកម្មក្នុងការ បណ្ដុះបណ្ដាលជំនាញទេសចរណ៍ ដល់យុវជនបម្រើការងារ មានដូចជាជំនាញស្ប៉ា-ម៉ាស្សា ចុងភៅ ជំនាញ MICE (Meeting, Incentive, Convention, Exhibition) ដែលវិញ្ញាបនបត្រជំនាញទាំងនេះ នឹងត្រូវទទួលស្គាល់ដោយអាស៊ាន ៕