ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចថាបានចូលរួមដោះស្រាយនូវបាតុភាពអសកម្មនានា ក្នុងកិច្ចការពារសុវត្ថិភាពសាធារណៈ ការអភិវឌ្ឍជាតិនិងលើកកម្ពស់វិស័យមនុស្សធម៌ សំដៅបម្រើដល់ឧត្តមប្រយោជន៍ជាតិ និងមាតុភូមិ។
ការកោតសរសើរពីសំណាក់សម្តេចតេជោ បានធ្វើឡើងតាមរយៈលិខិតមួយច្បាប់ផ្ញើជូនពរសម្តេច ម៉ែន សំអន ក្នុងឱកាសខួបកំណើតគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ នាថ្ងៃទី១៥ សីហា ។
សម្ដេចតេជោបញ្ជាក់ថា «ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសម្តេច ក្នុងការដឹកនាំ និងគ្រប់គ្រងលើវិស័យ ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល ជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ដើម្បីសម្របសម្រួលនិង គ្រប់គ្រងការងារនីតិកម្ម និងការងារផ្សព្វផ្សាយច្បាប់ អនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។ សម្ដេច បានចូលរួមដោះស្រាយ នូវបាតុភាពអសកម្មនានា ក្នុងកិច្ចការពារសុវត្ថិភាពសាធារណៈ ការអភិវឌ្ឍជាតិនិង លើកកម្ពស់វិស័យមនុស្សធម៌ សំដៅបម្រើដល់ឧត្តមប្រយោជន៍ជាតិ និងមាតុភូមិ» ។
គួររំលឹកថា ការកោតសរសើរសម្តេចម៉ែន សំអនដែលចូលដល់ជន្មាយុ៧១ឆ្នាំនេះ ស្របពេលសម្តេចម៉ែន សំអន នឹងត្រូវចាកចេញពីមុខតំណែង ជារដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ បន្ទាប់ពីរាជរដ្ឋាភិបាលថ្មី ក្នុងអាណត្តិទី៧ ដែលដឹកនាំដោយកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងចេញជារូបរាងនៅថ្ងៃ២២ សីហា ខាងមុខ ។
សម្តេច ម៉ែន សំអន នៅកើតថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៥៣ នៅឃុំសំបួរ ស្រុកសំបូរ ខេត្តក្រចេះគឺជា អ្នកនយោបាយស្រ្តីដំបូងគេដែលទទួលបានជាឧបនាយករដ្ឋមន្ត្រីស្ត្រីទីមួយ និងជាឧត្តមសេនីយផ្កាយបួន ។ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ សម្តេចម៉ែន សំអន ទទួលបានគោរមងារកិត្តិយសពីរាជបណ្ឌិតសភាកម្ពុជាជា «កិត្តិសង្គហបណ្ឌិត» បន្តមកទៀតនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ព្រះមហាក្សត្រ ក៏បានចេញព្រះរាជក្រឹត្យប្រទានគោរមងារជា «សម្ដេច»ផងដែរ។
បច្ចុប្បន្នសម្តេច ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ក្រោយជាប់ឆ្នោតជាតំណាងរាស្រ្តនៅខេត្តស្វាយរៀង ក្នុងរដ្ឋសភា ឆ្នាំ២០០៣។ គិតត្រឹមឆ្នាំ២០០៩ សម្តេចមានតួនាទីជាឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍នៃកម្ពុជា ។ ជាឧបនាយករដ្ឋមន្ត្រីស្ត្រីទីមួយ និងជាឧត្តមសេនីយផ្កាយបួន ខណៈសម្តេចបានចូលបម្រើកងទ័ពនៅឆ្នាំ១៩៧០ ក្នុងសម័យសាធារណរដ្ឋខ្មែរ ដោយចាប់ផ្តើមអាជីពជាគិលានុបដ្ឋាយិកាយោធា។
ងាកមកក្រុមគ្រួសារវិញ សម្តេចមានស្វាមីឈ្មោះ ប៉េង ប៉ាត់ អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ចនិងមុខងារសាធារណៈ ។សម្តេចបានទទួលកូនប្រុស២ដែលមានមុខតំណែងខ្ពស់ក្នុងជួររាជរដ្ឋាភិបាល ។ កូនទាំង២នោះរួមមាន ៖ លោក ប៉េង ពោធិ៍សា ជាអភិបាលរងខេត្តស្វាយរៀង និងលោក ប៉េង ពោធិ៍នា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ។ លោក ប៉េង ពោធិ៍នានេះ នឹងឡើងកាន់ជារដ្ឋមន្រ្តីក្រសួងសាធារណការថ្មីផងដែរ៕