ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ៖ នីតិកាលទី៧នេះ អាជ្ញាធរ ពិតជាបន្ដដោះស្រាយទាន់ពេល ចំពោះសំណើរ សំណូមពរពលរដ្ឋ

រូបភាពពីហ្វេសប៊ុក សម្ដេច ស ខេង

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្នុងនីតិកាលទី៧នេះ អាជ្ញាធរ ពិតជាបន្ដយកចិត្តទុកដាក់ប្រមូលសំណើរ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយទាន់ពេលវេលា។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការវិមានឯករាជ្យ សួនសម្ដេចក្រឡាហោម វិមានឯករាជ្យ សួនធ្នង់៥៣ និងផ្លូវចាក់កៅស៊ូបេទីម នៅក្រុងបាត់ដំបង នាថ្ងៃទី១៦ សីហា សម្ដេច ស ខេង បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការខេត្តបាត់ដំបង ដែលពេញមួយនីតិកាលទី៦មកនេះ បានខិតខំបំពេញភារកិច្ច ចូលរួមថែរក្សាសុខសន្តិភាព និងស្ថិរភាពជាតិ ជាពិសេសការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ទាំងកម្រិតខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ ជឿជាក់ និងគាំទ្រលើការដឹកនាំ របស់រាជរដ្ឋាភិបាល។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចសង្ឃឹមជឿជាក់ថា «រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ទូទាំងខេត្តបាត់បង និងជារួមទូទាំងប្រទេស នឹងបន្តខិតខំបំពេញតួនាទី និងភារកិច្ចដ៏ល្អនេះ ឲ្យបានកាន់តែល្អប្រសើរទៀត នៅក្នុងនីតិកាលថ្មី ។ ក្នុងនោះសម្ដេចបានណែនាំឲ្យ យកចិត្តទុកដាក់ការពារសិទ្ធិ និងផលប្រយោជន៍ប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រមូលសំណើរ សំណូមពរ និងបញ្ហាប្រឈមរបស់ពលរដ្ឋ ហើយខិតខំរួមគ្នាដោះស្រាយ ឲ្យទាន់ពេលវេលា»។

សម្ដេច ស ខេង គូសបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្ស ក្នុងក្របខណ្ឌគណបក្សប្រជាជនកម្ពុជា បានរួមចំណែកបរិច្ចាគថវិកាផ្ទាល់ខ្លួន កសាងសមិទ្ធផលបម្រើ ផលប្រយោជន៍សាធារណៈគ្រប់វិស័យ នៅគ្រប់មូលដ្ឋានធ្វើឲ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ ពីមួយអាណត្តិទៅមួយអាណត្តិ ជាក់ស្ដែងក្នុងខេត្តបាត់ដំបង មានសមិទ្ធផលជាច្រើនបានកើតឡើង និងកំពុងបម្រើសេចក្ដីត្រូវការប្រជាពលរដ្ឋ៕

To Top