ព័ត៌មានជាតិ

តំណាងនិយោជក និងនិយោជិត មិនទាន់បញ្ជាក់តួលេខផ្លូវការ នៃប្រាក់ឈ្នួលឆ្នាំ២០២៤ទេ

ភ្នំពេញ ៖ យោងតាមលទ្ធផល នៃកិច្ចប្រជុំនាព្រឹកថ្ងៃ១៦ សីហានេះ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៤ខាងមុខនេះ គឺភាគីតំណាងនិយោជកនិងនិយោជិត មិនទាន់អាចបញ្ជាក់ពីតួលេខ ដែលជាគោលជំហរផ្លូវការរបស់ខ្លួនបាននៅឡើយទេ ដោយស្នើសុំប្រជុំផ្ទៃក្នុងរបស់ខ្លួនបន្ថែមទៀត ។ នេះបើតាមសេចក្តីថ្លែងការណ៍ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។

សេចក្តីថ្លែងការណ៍បន្តថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ នឹងរៀបចំកិច្ចប្រជុំបន្ទាប់ នៅព្រឹកថ្ងៃទី២៨ ខែសីហា, ថ្ងៃទី៤, ថ្ងៃទី១១, ថ្ងៃទី១៨, ថ្ងៃទី២៥ ខែកញ្ញា និងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។

ជាមួយគ្នានេះដែរ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣នេះ ក៏បានប្រកាសជាផ្លូវការពីសមាសភាពសមាជិក និងអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សម្រាប់នេះផងដែរ ដោយ លោក គឹម ចាន់សំណាង ជាអនុប្រធាន តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត ខណៈឧកញ៉ាបណ្ឌិត ណាង សុធី ជាអនុប្រធាន តំណាងអង្គការវិជ្ជាជីវៈរបស់និយោជក។

សូមរំលឹកថា ២០២៣នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប មានចំនួន២០០ដុល្លារ ក្នុងមួយខែ បើបូកប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត កម្មករម្នាក់អាចទទួលបានប្រាក់ឈ្នួលចន្លោះពី២១៧ ទៅ ២២៨ដុល្លារក្នុងមួយខែ ៕

To Top