ព័ត៌មានជាតិ

ក្រុមសហជីព អាចដាក់តួលេខបឋម២០ដុល្លារ សម្រាប់ចរចាប្រាក់ឈ្នួលកម្មករឆ្នាំ២០២៤

រូបភាពពី៖ ក្រសួងការងារ

ភ្នំពេញ ៖ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC)ជាមេសហជីពម្នាក់ក្នុងចំណោមមេសហជីពផ្សេងទៀតដែលបានចូលរួមក្នុងកិច្ចប្រជុំកំណត់ប្រាក់ឈ្នួលកម្មករឆ្នាំ២០២៤ ជាមួយក្រុម ប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានអះអាងថា ក្រុមសហជីពទាំង១៧អាចសម្រេចគ្នាដាក់តួលេខ បឋមខ្ទង់២០.២ដុល្លារ ។ ការដាក់តួលេខនេះ នឹងធ្វើឡើងនៅថ្ងៃ២៨ សីហា ខាងមុខ ខណៈក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ នឹងរៀបចំកិច្ចប្រជុំបន្ទាប់ នៅព្រឹកថ្ងៃទី២៨ ខែសីហា, ថ្ងៃទី៤, ថ្ងៃទី១១, ថ្ងៃទី១៨, ថ្ងៃទី២៥ ខែកញ្ញា និងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។

លោក អាត់ ធន់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅរសៀលថ្ងៃ១៦ សីហា ថា ដោយយោងទៅលើការគណនាគឺអតិផរណាមានខ្ទង់២.៥ភាគរយ និងមើលពីស្ថានភាពកម្មករហាក់មានសន្ទុះលើការងារ ព្រមទាំងការរស់នៅរបស់ពួកគេមានការចំណាយច្រើនជាងមុននោះ “ចឹងយើងស្នើប្រហែល២.៥ភាគរយ យើងមើលឃើញនិយោជកចំណេញទៅដល់២៩.៩៨ភាគរយ ចឹងខ្ពស់ចឹង តាមអ្វីដែលយើងគិតជាបឋម អាចយើងដាក់ប្រហែលជា២០ដុល្លារចុច២ទៅ ស្មើនឹង១០.១ភាគរយ នេះគឺមិនទាន់ផ្លូវការទេ ប៉ុន្តែប្រហែលជាលេខប៉ុន្នឹង” ។

ប៉ុន្តែទោះបីជាយ៉ាងណាក្រុមសហជីពនឹងជួបពិភាក្សាគ្នាបន្តគ្នា ដើម្បីកំណត់លេខមូល ដោយសារការគណនារបស់អ្នកជំនាញខាងសហជីពគឺមានខ្ទង់ប៉ុននេះ ។ នេះបើតាមលោកឲ្យដឹងបន្ថែម ។

សរុបជារួមមក បើតាមលោក អាត់ ធន់ គឺក្នុង២០២៣នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប មានចំនួន២០០ដុល្លារ ដូច្នេះបើបន្ថែម២០ដុល្លារទៀតមាន២២០ដុល្លារ។

ជាមួយគ្នានេះដែរ សម្រាប់កិច្ចចរចាប្រាក់ឈ្នួលនៅព្រឹកថ្ងៃ១៦ សីហានេះ មានលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារចូលរួមនោះ ខណៈសល់តែមួយសប្តាហ៍ទៀតលោកនឹងអស់អាណត្តិ ហើយមានលោក ហេង សួរ ជារដ្ឋមន្រ្តីថ្មី ក្រោមការដឹកនាំពីកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតជានាយករដ្ឋមន្រ្តីថ្មីផង លោក អាត់ ធន់ កំពុងចង់ចាំមើលតើនាយករដ្ឋមន្រ្តីថ្មី និងរដ្ឋមន្រ្តីការងារថ្មីបញ្ចេញស្នាដៃអ្វីខ្លះដើម្បីទាក់ទាញកម្មករ ៕

To Top