ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងការពារជាតិនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ត្រាសិទ្ធិដល់អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ព្រមទាំងនាយក នៃនាយកដា្ឋនផ្គត់ផ្គង់ និងនាយក នាយកដ្ឋានហិរញ្ញវត្ថុថ្មី ក្នុងអគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ នៃក្រសួងកដែលទើបត្រូវបានព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិតែងតាំងថ្មី ។
ត្រាសិទ្ធិ ប្រគល់ដល់អគ្គនាយក និងនាយកដ្ឋានទាំងពីរ ក្នុងអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិនេះ ត្រូវបានប្រគល់ជូនដល់ឧត្តមសេនីយ៍ទោ ម៉ឹង ពន្លក ដែលជាអគ្គនាយកថ្មី ទើបត្រូវបានព្រះមហាក្សត្រ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ តែងតាំងថ្មី ជាអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ , លោកឧត្តមសេនីយ៍ទោ សេង សំរិទ្ធ ជាអគ្គនាយករង និងជានាយក នាយកដ្ឋានផ្គត់ផ្គង់ និងលោកឧត្តមសេនីយ៍ត្រី គឹម សុតារា ជានាយក នាយកដ្ឋានហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ របស់ក្រសួងការពារជាតិ។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន មានប្រសាសន៍ថា ការប្រគល់ត្រាសិទ្ធិជាផ្នែកមួយ នៃផែនការកែទម្រង់កងយោធពលខេមរភូមិន្ទដែលបានដាក់ចេញ ស្របតាមសភាពការណ៍វិវត្តន៍ថ្មីៗនាពេលបច្ចុប្បន្ន និងទៅអនាគត ។
នាយឧត្តមសេនីយ៍ក៏បានផ្តាំផ្ញើដល់អគ្គនាយកថ្មី នៃអគ្គនាយកដ្ឋានភស្តុរភារ-ហិរញ្ញវត្ថុ និងនាយកនាយកដ្ឋានជំនាញទាំងពីរ បន្តថែរក្សាសមិទ្ធផលដែលមាននៅពេលនេះឲ្យនៅគង់វង្សតទៅមុខ ដោយត្រូវយកចិត្តទុកដាក់ពង្រឹងពង្រីកសាមគ្គីភាពឯកភាពផ្ទៃក្នុង លើការអនុវត្តការងារ ឲ្យបានកាន់តែល្អ តាមឋានានុក្រម ក្នុងការបម្រើឲ្យគ្រប់សកម្មភាពរបស់កងយោធពលខេមរភូមិន្ទ នាអាណត្តិថ្មីនេះឲ្យកាន់តែមានភាពជោគជ័យ ។
លោកថា កម្ពុជាក៏នឹងទទួលបានសិទ្ធិនៃការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាយុវជនអូឡាំពិកពិភពលោក ឆ្នាំ២០២៩ ផងដែរនាពេលខាងមុខ ដូចនេះនាយទាហានដែលត្រូវចូលមកកាន់មុខតំណែងថ្មី ហើយបានប្រកាសប្រគល់ត្រាសិទ្ធិនាពេលនេះ ត្រូវបន្តវេនក្នុងការបំពេញតួនាទីភារកិច្ច ឲ្យទទួលបានកាន់តែជោគជ័យធំៗថ្មីៗបន្ថែមទៀត ជូនក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ និងរាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ ព្រោះនាយទាហានជំនាញភស្តុភា-ហិរញ្ញវត្ថុ ត្រូវបានចាត់ទុកជាឆ្អឹងខ្នងដ៏សំខាន់ ក្នុងវិស័យការពារជាតិ ដែលមិនអាចខ្វះបាន ក្នុងតួនាទីភារកិច្ចចូលរួមការពារ អធិបតេយ្យ បូរណភាពទឹកដី និងសេចក្តីសុខសាន្តសម្រាប់ប្រទេសជាតិ និងប្រជាជន ៕






