យោងតាមដំណឹង នៃគេហទំព័ររបស់ក្រសួងពាណិជ្ជកម្មចិន ឱ្យដឹងថា មន្ត្រីទទួលខុសត្រូវនៃអគ្គនាយកដ្ឋានសន្ធិសញ្ញានិងច្បាប់ នៃក្រសួងពាណិជ្ជកម្មចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីការដែលអង្គការពាណិជ្ជកម្មពិភពលោក(WTO)ចេញផ្សាយរបាយការណ៍របស់ក្រុមអ្នកជំនាញដោះស្រាយសំណុំរឿងវិវាទខាងពាណិជ្ជកម្មពិភពលោក ស្តីពីការជំនុំជម្រះសំណុំរឿងសហរដ្ឋអាមេរិកលើកឡើងពាក្យបណ្តឹងចំពោះប្រទេសចិនដែលចាត់វិធានការតបតវិញដើម្បីប្រឆាំងវិធានការលេខ២៣២របស់អាមេរិកស្តីពីការដំឡើងពន្ធគយលើផលិតផលដែកថែបនិងអាលុយមីញ៉ូមដែលនាំចូលអាមេរិក។
ភាគីចិនបានបញ្ជាក់ថា ឫសគល់នៃបញ្ហានេះ គឺមកពីសកម្មភាពឯកតោភាគីនិយម និងគាំពារនិយមរបស់សហរដ្ឋអាមេរិក។ ចាប់តាំងពីខែមីនា ឆ្នាំ ២០១៨ មក សហរដ្ឋអាមេរិកបានធ្វើឱ្យបញ្ហាសន្តិសុខជាតិមានភាពទូទៅ ដោយបានដំឡើងពន្ធគយលើផលិតផលដែកថែបនិងអាលុយមីញ៉ូម ដែលនាំចេញពីរដ្ឋសមាជិក WTO ជាច្រើនទៅសហរដ្ឋអាមេរិក ក្នុងនោះបូករួមទាំងប្រទេសចិនផងដែរ។ នៅខែធ្នូឆ្នាំ ២០២២ វិធានការរបស់សហរដ្ឋអាមេរិកត្រូវបានអង្គការ WTO កាត់ក្តីថាជាការរំលោភលើច្បាប់របស់ WTO ។
តែទោះជាយ៉ាងនេះក៏ដោយ ក៏សហរដ្ឋអាមេរិក នៅតែទទូចធ្វើតាមទំនើងចិត្តខ្លួន ដែលបានរារាំងមិនឱ្យការកាត់ក្តីរបស់ក្រុមអ្នកជំនាញចូលជាធរមាន ព្រមនិងបដិសេធលុបចោលវិធានការពន្ធគយដែលខុសច្បាប់។ ប្រទេសចិនចាត់វិធានការតបតតាមផ្លូវច្បាប់ គឺជាទង្វើដ៏ត្រឹមត្រូវដែលធ្វើឡើងដើម្បីគាំពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន៕ វិទ្យុមិត្តភាពកម្ពុជាចិន