ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានឲ្យភាគីពាក់ព័ន្ធ អនុវត្តកិច្ចការសំខាន់ៗមួយចំនួន ក្នុងទិវាអក្ខរកម្មជាតិ៨កញ្ញាដែលនឹងប្រព្រឹត្តទៅក្រោមប្រធានបទ “អក្ខរកម្មជាមូលដ្ឋាន គ្រឹះនៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច” ។
សេចក្តីណែនាំនាថ្ងៃ១៨ សីហា បានឲ្យដឹងថា រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាស ក្រុមហ៊ុន និងមូលដ្ឋានទីតាំងអាជីវកម្មទាំងអស់ត្រូវរៀបចំតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ចងបដាពាក្យស្លោក អមដោយ ការរចនាដោយភ្លើងពណ៌ ឲ្យបានផុលផុស និងស្រស់ស្អាត ។
រដ្ឋបាលខណ្ឌទាំង១៤ និងរដ្ឋបាលសង្កាត់ទាំង១០៥ ត្រូវបំផុស និងណែនាំដល់ប្រជាពលរដ្ឋឲ្យចងទង់ជាតិតាមគ្រប់គេហដ្ឋាន ដើម្បីអបអរសាទរទិវាអក្ខរកម្មជាតិ៨កញ្ញា។ ទង់ជាតិ ត្រូវចងឲ្យមានរបៀបរៀបរយល្អ និងត្រូវពិនិត្យមើលក្រណាត់ទង់ជាតិ ចៀសវាងប្រើប្រាស់ ក្រណាត់ដាច់រហែក ស្លក់ពណ៌ ឬ ទក់ ដែលធ្វើឲ្យបាត់បង់សោភ័ណ្ឌភាព។
មន្ទីរអប់រំ យុវជន រាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយដល់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្សានុសិស្ស និងនិស្សិតនៅតាមគ្រឹះស្ថានសិក្សា ឲ្យយល់ដឹងទូលំទូលាយពីខ្លឹមសារនៃសារលិខិតរបស់សម្តេចតេជោ ។ បំផុសចលនាមាតា បិតា អាណាព្យាបាល ដើម្បីឲ្យកូនចៅបានចូលរៀនសូត្រ , រៀបចំឲ្យមានសៀវភៅ ឬបណ្ណផ្នត់ បដាពាក្យស្លោក ផ្ទាំងរូបភាព បោះពុម្ពរូបភាព ឬពាក្យស្លោក លើអាវយឺតដើម្បីផ្សព្វផ្សាយទូលំទូលាយ ដល់ពលរដ្ឋតាមមូលដ្ឋាន។
មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវណែនាំដល់គ្រប់វត្តអារាម តុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ចងបដា ពាក្យស្លោក និងបំភ្លឺភ្លើងពណ៌ , បំផុសចលនាព្រះសង្ឃ បព្វជិតសាសនា អាចារ្យ សីលវន្ត សីលវតីឲ្យចូលរួមកម្មវិធីអក្ខរកម្ម តាមរយៈការសម្តែងធម៌ទេសនា នៅតាមវត្តអារាម ។
មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវសហការជាមួយស្ថានីយវិទ្យុ-ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ រាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយបានទូលំទូលាយ នូវខ្លឹមសារ និងឯកសារនានា ដែលពាក់ព័ន្ធទៅនឹង ទិវាអក្ខរកម្មជាតិ ។
រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវបំផុសលើកទឹកចិត្តជំរុញ និងបង្កលក្ខណៈងាយស្រួលដល់អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ និងសាធារណជនឲ្យចូលរួមជួយសហការឧបត្ថម្ភ គាំទ្រដល់កម្មវិធីអប់រំក្រៅប្រព័ន្ធ ជាពិសេសអក្ខរកម្មផ្សារភ្ជាប់នឹង ការអប់រំវិជ្ជាជីវៈឲ្យបានខ្លាំងក្លានៅតាមទីកន្លែង និងតាមលទ្ធភាពរបស់ខ្លួន ៕