ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន នាថ្ងៃបើកសម័យប្រជុំលើកដំបូងរដ្ឋសភានីតិកាលទី៧ នាថ្ងៃ២១ សីហា ខាងមុខ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ថ្ងៃសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ ក្រោមព្រះរាជអធិបតីភាព ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ហើយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នឹងបន្តដើម្បីធ្វើការបោះឆ្នោតជ្រើសតាំង ប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការ ជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល។
ដើម្បីការប្រារព្ធពិធីប្រព្រឹត្តទៅដោយរលូន រក្សាបានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងចៀសវាងការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀស ចរាចរជាបណ្តោះអាសន្ន នៅជុំវិញទីតាំងប្រារព្ធពិធី និងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរ ឆ្លងកាត់កំណាត់វិថីមួយចំនួន ចាប់ពីវេលាម៉ោង៥ព្រឹក រហូតដល់បញ្ចប់កម្មវិធី ។
កំណាត់ផ្លូវត្រូវផ្អាករួមមាន ៖ ១. កំណាត់វិថីរដ្ឋសភា (ចាប់ពីរង្វង់មូលសម្ដេចព្រះសង្ឃរាជ ជួន ណាត រហូតដល់ស្តុបស្ថានទូតរុស្ស៊ី)។ ២.កំណាត់វិថីសម្តេច ហេង សំរិន (ចាប់ពីវិថី សម្តេចហ៊ុន សែន រហូតដល់វិថីរដ្ឋសភា)។ ៣.កំណាត់ផ្លូវលេខ៧៨ (ចាប់ពីវិថីសម្តេច ហ៊ុន សែន រហូតដល់វិថីរដ្ឋសភា)។ ៤.កំណាត់ផ្លូវបើកថ្មី ហៅផ្លូវJICA (ចាប់ពីវិថីទន្លេតូច រហូតដល់វិថីរដ្ឋសភា)៕