ព័ត៌មានជាតិ

កម្ពុជា ពង្រឹងកិច្ចប្រតិបត្តិការ ជាមួយស៊ីមបាវ៉េ ជាប្រទេសមួយល្បីល្បាញ ផ្នែកទេសចរណ៍ធម្មជាតិ

រូបភាពពី៖ ក្រសួងទេសចរណ៍

ភ្នំពេញ ៖ កម្ពុជា នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយស៊ីមបាវ៉េ ជាប្រទេសមួយ នៅភាគខាងត្បូងទ្វីបអាហ្វ្រិក និងមានភាពល្បីល្បាញផ្នែកទេសចរណ៍ធម្មជាតិ ដើម្បីជំរុញទាក់ទាញរំហូរទេសចរ ទៅវិញទៅមក និងប្រទេសទី៣ ខណៈស៊ីមបាវ៉េ ក៏សម្លឹងឃើញសក្ដានុពលទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍របស់កម្ពុជាផងដែរ។ យោងតាមគេហទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី ខន់ស្តេន ចេមវ៉ាយី (Constance Chemwati) ឯកអគ្គរដ្ឋទួតស៊ីមបាវ៉េប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅម៉ាឡេស៊ី នាថ្ងៃ១៧ សីហា លោរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងពីស្ថានភាពទេសចរណ៍កម្ពុជាដែលជាគោលដៅទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិ ព្រមទាំងបានបង្ហាញអំពីកត្តាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជានាពេលបច្ចុប្បន្ន ក្នុងនោះវិស័យទេសចរណ៍ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ក្នុងការស្ដារ និងលើកស្ទួយឡើងវិញបន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ១៩។

លោករដ្ឋមន្ដ្រីបន្ដថា ឆ្នាំ២០២៣នេះ កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៥លាននាក់ ព្រមទាំងមានកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យទេសចរណ៍ បង្កើនចលនាភ្ញៀវទេសចរឱ្យកាន់តែច្រើនលើសនេះទៀត ខណៈ៧ខែដើមឆ្នាំ២០២៣នេះ កម្ពុជាបានទទួលទេសចរអន្តរជាតិជាង៣.០៣លាននាក់រួចទៅហើយ។

លោកថោង ខុន បន្ថែមថា កម្ពុជាមានសក្ដានុពលទេសចរណ៍ជាច្រើន និងមានគោលនយោបាយជាច្រើនសម្រាប់ជំរុញវិស័យអេកូទេសចរណ៍នេះ ហើយក្នុងវិបត្តិជំងឺកូវីដ១៩ វិស័យអេកូទេសចរណ៍គឺជាផលិតផលទេសចរណ៍សំខាន់ដែលជំរុញដោលកំណើនទេសចរក្នុងស្រុក។

នាឱកាសនោះ លោកស្រី ខន់ស្ដេន ចេមវ៉ាយី បានសង្កេតឃើញការងើបឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជាមានភាពលឿនរហ័ស។ លោកស្រីបន្តថា កម្ពុជា និងស៊ីមបាវ៉េ អាចសហការគ្នាដើម្បីជំរុញទេសចរទៅវិញទៅមក និងទាក់ទាញភ្ញៀវទេសចរទី៣ តាមរយៈការអភិវឌ្ឍទេសចរណ៍វប្បធម៌ ដោយសារកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ស្រាប់ និងមានគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ប្រភេទនេះផងដែរ ពិសេសនៅតាមគោលដៅបេតិកភណ្ឌវប្បធម៌ជាច្រើន៕

To Top