ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួង សាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រង សម្របសម្រួលគម្រោង អញ្ជើញចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាព ការងារជាថ្មីម្តងទៀត នូវគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ខណៈគម្រោងនេះ សម្រេចបានជាង ៣៥% ។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង ពិនិត្យមើលស្ថានភាពសាងសង់ ស្ពានក្បាលរមាសថ្មី ត្រង់ចំណុចគីឡូម៉ែត្រលេខ០៤+៧៩១ និងត្រួតពិនិត្យ លើការងារបច្ចេកទេស សាងសង់ផ្លូវតាំងពីដើមទី រហូតដល់ចុងទី ។ ដើម្បីធានាឱ្យបានថា គម្រោងផ្លូវជាតិលេខ៣៣ អនុវត្តទៅ តាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង លោករដ្ឋលេខាធិការ ប្រធានគ្រប់គ្រង សម្របសម្រួលគម្រោង នឹងអញ្ជើញដឹកនាំ ក្រុមការងារបច្ចេកទេស ព្រមជាមួយឧបករណ៍ និងម៉ាស៊ីនត្រួតពិនិត្យគុណភាពស្រទាប់គ្រឹះផ្លូវ យកមកធ្វើតេស្ត នាដើមខែកញ្ញា ខាងមុខនេះ។
ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋលេខាធិការ បានធ្វើការណែនាំ ដល់ក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារ ឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស លើសពីនេះទៅទៀត ក្រុមហ៊ុនត្រូវគិតគូរឱ្យបានហ្មត់ចត់ពីសុវត្ថិភាពនៅតាមការដ្ឋាន ដោយដាក់ផ្លាក សញ្ញាផ្តល់ដំណឹង ផ្លាកសញ្ញាបញ្ជៀស ចរាចរណ៍ ប្រើប្រាស់សម្លៀកបំពាក់ និងឧបករណ៍ការពារសុវត្ថិភាពឱ្យបានត្រឹមត្រូវ ព្រមទាំងស្រោចទឹក កាត់បន្ថយដីហុយ ឱ្យបានជាប់លាប់ ជៀសវាងការរំខានបងប្អូនប្រជាពលរដ្ឋ។
សូមរំលឹកថា គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ វឌ្ឍនភាព នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ បានសម្រេចលទ្ធផល ការងារសរុបចំនួន ៣៥,១២% ក្នុងនោះ រួមមាន ៖ ការងារកាប់ឆ្ការ និងបោសសម្អាត សម្រេចបាន ៥២,៥៧គីឡូម៉ែត្រ, ការងារសាងសង់តួថ្នល់ Sub-grade សម្រេចបាន ៤៩,៨៧គីឡូម៉ែត្រ និងការងារសាងសង់ស្រទាប់គ្រឹះរង Sub-base សម្រេចបាន ៣៧,៦៦គីឡូម៉ែត្រ ។ តួលេខខាងលើបានបង្ហាញថា គម្រោងកំពុងអនុវត្តទៅលឿន ជាងផែនការ ដែលបានគ្រោងទុក ៕