ព័ត៌មានជាតិ

ច្បាស់ការ! ឧក្រិដ្ឋជន៧នាក់ ដែលរំដោះអ្នកទោស ជាមេក្លោងគ្រឿងញៀន ជនជាតិចិន នៅសៀមរាប សុទ្ធតែសញ្ជាតិអាមេរិក

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ឱ្យដឹងថា ឧក្រិដ្ឋជន៧នាក់ ដែលធ្វើសកម្មភាព រំដោះអ្នកទោសជាមេក្លោងគ្រឿងញៀន ជនជាតិចិន នៅសៀមរាប សុទ្ធតែមានសញ្ជាតិអាមេរិក ។

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញអំពីប្រតិបត្តិការលម្អិតបន្ថែម ក្នុងការតាមបង្ក្រាបក្រុមឧក្រិដ្ឋជនប្រដាប់អាវុធ ដែលបានធ្វើសកម្មភាព សម្រុកចូលទៅរំដោះ មេក្លោងគ្រឿងញៀនម្នាក់ នៅខេត្តសៀមរាប ដែលត្រូវអនុវត្តទោស៥២ឆ្នាំ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ហើយបញ្ជាឲ្យជួញដូរ ចេញពីពន្ធនាគារថែមទៀត។

ថ្លែងក្នុង សន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានអះអាងថា រហូតមកដល់ពេលនេះ ឧក្រិដ្ឋជនចំនួន៧នាក់ហើយ ត្រូវបានកម្លាំង នគរបាលចាប់ខ្លួន ក្នុងនោះ មានខ្មែរសញ្ជាតិអាមេរិក ចំនួន៦នាក់ (កាន់លិខិតឆ្លងដែនអាមេរិក) និងជនជាតិចិន សញ្ជាតិអាមេរិកម្នាក់ (កាន់លិខិតឆ្លងដែនអាមេរិក)។ ពួកគេជាឧក្រិដ្ឋជនស៉ីឈ្នួលដើម្បីធ្វើសកម្មភាព។

នាយនគរបាលជាន់ខ្ពស់រូបនេះ បានបន្ថែមថា ទម្រាំធ្វើសកម្មភាព រំដោះអ្នកទោសនេះ ក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងច្បាស់លាស់នេះ បានរៀបចំផែនការត្រៀម ធ្វើសកម្មភាពរយៈពេល២ ខែមកហើយ ពោលរៀបចំផែនការ តាំងពីនៅសហរដ្ឋអាមេរិកមកម្ល៉េះ ហើយពួកគេបានធ្វើដំណើរ មកដល់ប្រទេសកម្ពុជា ដើម្បីពិនិត្យទីតាំងភូមិសាស្ដ្រ រយៈពេលកន្លះខែមកហើយ ។

នៅថ្ងៃកើតហេតុ ទី១៧ ខែសីហា ឆ្នាំ២០២៣ មានឧក្រិដ្ឋជន៤នាក់ ជាអ្នកចូលធ្វើសកម្មភាព រំដោះដោយផ្ទាល់ នៅគ្លីនិកធ្មេញ ក្នុងក្រុងសៀមរាប ពេលអនុរក្សពន្ធនាគារបញ្ជូនទៅព្យាបាលជំងឺធ្មេញ ដែលកន្លងទៅធ្លាប់ព្យាបាល នៅក្នុងពន្ធនាគារប៉ុន្ដែមិនធូរស្រាល ។ ក្រៅពីឧក្រិដ្ឋជន៤នាក់ ដែលធ្វើសកម្មភាពផ្ទាល់ហើយនោះ ពួកគេនៅមានក្រុមជំនួយ ២នាក់ទៀត ដើម្បីត្រៀមជួយអន្ដរាគមន៍ ក្នុងករណីមានការប៉ះទង្កិចគ្នា ជាមួយកម្លាំងសមត្ថកិច្ច ។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានរៀបរាប់ទៀតថា ក្រោយកើតហេតុភ្លាមៗ ដោយអនុវត្តតាមបទបញ្ជា យ៉ាងម៉ឺងម៉ាត់ របស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលទាំងអស់ បានរួមគ្នាធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបានដែលពួកគេរត់ពីខេត្តសៀមរាប មកកាន់រាជធានីភ្នំពេញ ដើម្បីលាក់ខ្លួនបណ្ដោះអាសន្ន ។

ដោយឡែក ចំពោះចម្ងល់ថា តើករណីនេះ អាចមានការឲ្យដៃពីផ្ទៃក្នុងដែរឬទេ? នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានអះអាងថា ក្នុងនាមជាមន្ដ្រី នគរបាលអ្នកអនុវត្តច្បាប់ កម្លាំងជំនាញនឹងស្រាវជ្រាវលើចំណុចនេះ ដើម្បីបញ្ចប់រាល់មន្ទិល សង្ស័យទាំងឡាយដែលបានលើកឡើង ក្នុងករណីរកឃើញ មានការពាក់ព័ន្ធកម្រិតណានោះ នឹងអនុវត្តតាមផ្លូវច្បាប់ជាធរមាន មិនលើកលែងឡើយ ។

នៅយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ កម្លាំងអគ្គស្នងការដ្ឋាន នគរបាលជាតិ បានកំណត់បានទីតាំងដែលឧក្រិដ្ឋជនលាក់ខ្លួន និងឈានដល់ការចាប់ខ្លួន បានជាបន្ដបន្ទាប់ នៅយប់ថ្ងៃទី១៨ ខែសីហា ចំនួន៧នាក់ ។ ដោយឡែក សម្រាប់មេក្លោងពិរុទ្ធជននោះ បានរត់គេចខ្លួនចេញ ទៅក្រៅប្រទេស ។

ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានសង្កត់ធ្ងន់ថា កម្លាំងសមត្ថកិច្ចកម្ពុជា បានដឹងទីតាំងប្រទេសដែលមេក្លោងនោះរត់ទៅលាក់ខ្លួនហើយ ហើយកំពុងតែសហការគ្នា យ៉ាងស្អិតរមួតជាមួយប្រទេសជិតខាង ដើម្បីតាមការចាប់ខ្លួនឲ្យខាងតែបាន និងយកមកផ្ដន្ទាទោសតាមច្បាប់យ៉ាងតឹងរឹងបំផុត មិនអាចលើកលែងបានឡើយ ។ នាយឧត្តមសេនីយ៍ បន្ដថា កម្លាំងសមត្ថកិច្ចតាមព្រំដែន ក៏កំពុងសហការគ្នា ដើម្បីស្រាវជ្រាវបន្ដទៀតផងដែរ។

ឆ្លើយតបចំពោះការលើកឡើងថា ហេតុការណ៍នេះអាចដោយមានភាព ចន្លោះប្រហោងរបស់អនុរក្ស ពន្ធនាគារដែរឬទេ? នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិរូបនេះ បានទទួលស្គាល់ថា នេះអាចនិយាយបានថា ភាពចន្លោះប្រហោង របស់សមត្ថកិច្ចពិតមែន ដោយសារតែកន្លងទៅកម្ពុជា មិនដែលធ្លាប់មានករណីខ្មាន់កាំភ្លើង សម្រុកចូលមករំដោះអ្នកទោស បែបនេះឡើយ។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបន្ថែមថា អនុរក្សពន្ធនាគារ នៅពេលបញ្ជូនពិរុទ្ធជន មេក្លោងគ្រឿងញៀននេះ ទៅកាន់គ្លីនិចធ្មេញ ក៏មានអាវុធទៅជាមួយដូចគ្នាដែរ ប៉ុន្ដែជាប្រភេទអាវុធវែងទុកនៅក្នុងរថយន្ដ ។ ប៉ុន្ដែពេលនោះ ប្រសិនបើអនុរក្សពន្ធនាគារ មានកាំភ្លើង កាន់នៅក្នុងដៃ ច្បាស់ណាស់នឹងមានការប៉ះទង្កិចគ្នាជាមួយក្រុមឧក្រិដ្ឋជន ហើយកាន់តែច្បាស់ទៀតនោះ គឺនឹងមានអ្នករងរបួស ឬអាចគ្រោះថ្នាក់ដល់អាយុជីវិតក៏ថាបាន។
ចំពោះមុខនេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានអះអាងថា កម្លាំងនគរបាលជាតិ និង អនុរក្សពន្ធនាគារ នឹងបង្កើតការយកចិត្តទុកដាក់ ឲ្យកាន់តែខ្ពស់ បន្ថែមទៀត នៅពេលបញ្ជូនអ្នកជាប់ទោស ទៅកាន់គោលដៅណា មួយ ដើម្បីទប់ស្កាត់ និងបង្ការ មិនឲ្យមានបទល្មើស ប្រភេទនេះកើតឡើងទៀត ឡើយ ។ សូមរំលឹកថា ខ្មាន់កាំភ្លើង មួយក្រុម ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង បានសម្រុកចូលរំដោះអ្នកទោស ជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារ បញ្ជូនទៅពេទ្យធ្មេញមួយកន្លែង ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ មន្ដ្រីពន្ធនាគារចំនួន៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិន ខាងលើ ទៅគ្លីនិចធ្មេញ លុះពេលកំពុងអង្គុយ ចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធ ដែលតកាណុង បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យ បានចូលទៅរំដោះអ្នកទោសចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើងបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន៤នាក់ថែមទៀត ។

ក្រោយរំដោះក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ផ្សេងបារី ពាក់ផ្លាកលេខភ្នំពេញ2AA-4315 គេចខ្លួនបាត់ស្រមោល។ រំលងបានប៉ុន្មានម៉ោងក្រោយ រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញយកទៅផ្លុងចោល។ ក្នុងនោះសមត្ថកិច្ចជំនាញប្រទះឃើញ កាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារមួយចំនួនទៀត ។ ពិរុទ្ធជនដែលជាមេក្លោង ត្រូវបានរំដោះទៅនោះ ឈ្មោះ Chen hsin han អាយុ៤៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលចំនួនទោសជាង៥០ឆ្នាំ ៕

To Top