ភ្នំពេញ ៖ នាយទាហានរង ០១រូប ឈ្មោះព្រិន្ទបាលឯក ម៉ុយ ទឿម អត្តលេខ ០៧១០០៦ មុខងារនាយក្រុម១ អនុសេនាតូច២ អនុសេនាធំ២ វរសេនាតូច៤២១ ចំណុះកងពលតូចថ្មើរជើង៤២ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ បានដើរជាន់មីនផ្ទុះ បណ្ដាលឲ្យបាត់បង់ជីវិត ។ នេះបើយោង តាមសាររំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយគ្រួសារសព ពីអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នៅលើបណ្តាញសង្គមហ្វេសប៊ុក ។
គួរឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅក្នុងពេលដែល នាយទាហានរងខាងលើនេះ បានដើរល្បាតត្រួតពិនិត្យការពារទីតាំង បានជាន់មីនចាស់ប្រភេទមីនK59 របស់សូវៀត ខណៈពេលសម្រាកទៅបត់ជើងធំ នៅចំណុចខ្នងភ្នំដងរែក ទិសប្រាសាទតាមាន់ ដែលស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
បច្ចុប្បន្នសពរបស់នាយទាហានរូបនេះ បានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅផ្ទះយោធិន ដែលស្ថិតនៅភូមិត្របែក សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ៕