ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បានឆ្លើយតបទៅក្រុមមនុស្សមួយចំនួន ដែលបាននាំគ្នាធ្វើបាតុកម្ម ព្រមគ្នានៅបណ្តាប្រទេសមួយចំនួន ក្នុងន័យមិនទទួលស្គាល់ រាជរដ្ឋាភិបាលថ្មី គឺ ជាការឥតប្រយោជន៍ និងមិនអាចរារាំង ដល់ដំណើរការរៀបចំសមាសភាពថ្មី របស់រាជរដ្ឋាភិបាល នៅអាណត្តិទី៧នេះបានទេ ។
ការមិនអាចរារាំងដែលលោក សុខ ឥសាន ថា ដោយសារនៅថ្ងៃ២១ ខែសីហា ឆ្នាំ២០២៣នេះ ដែលជាថ្ងៃដើមសប្តាហ៍ រដ្ឋសភាកម្ពុជា បានបើកសម័យប្រជុំរបស់ខ្លួន ជាលើកដំបូងក្នុងនីតិកាលទី៧ ក្រោមព្រះរាជវត្តមានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទទួលស្គាល់រាជរដ្ឋាភិបាលថ្មី ដូច្នេះព្រះមហាក្សត្រទទួលស្គាល់ គឺគ្រប់គ្រាន់ហើយ។
មុនមួយថ្ងៃ(២០ សីហា)នៃការបើកសម័យប្រជុំរដ្ឋសភា គាំទ្រថ្នាក់ដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មី មានប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងថៃ ក្រោមការដឹកនាំរបស់ក្រុមប្រឆាំង បាននាំគ្នាធ្វើបាតុកម្មព្រមៗគ្នា ក្នុងថ្ងៃតែមួយ ក្នុងគោលបំណងដូចគ្នា ។
សម្រាប់បាតុកម្មនៅក្នុងប្រទេសទាំង៤នេះ ត្រូវបានលោក សុខ ឥសាន តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល វាយបកទៅវិញថា នៅព្រឹកថ្ងៃ២១ សីហានេះ រដ្ឋសភាបើកសម័យប្រជុំ ក្រោមព្រះរាជវត្តមានព្រះមហាក្សត្រ ជាពិសេសមានបណ្តាអង្គទូត ជាច្រើនចូលរួម ក្នុងនោះក៏មានឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជាផងដែរ ។ លោកដាក់ជាសំណួរថា “សួរថា បើព្រះមហាក្សត្រ ដែលជាសម្តេចផែនដី ទទួលស្គាល់ការបោះឆ្នោតហើយ សួរថា តើអ្នកណាមិន ទទួលស្គាល់ការបោះឆ្នោត?” ។
លោក សុខ ឥសានបានគូសបញ្ជាក់ដោយសង្កត់ធ្ងន់ថា “ពួកអាយ៉ងបរទេស មួយចំនួន ចេះតែខំធ្វើសកម្មភាព ដើម្បីទប់ទល់ឬមួយក៏ជាឧបសគ្គ ដល់ដំណើរការរៀបចំរចនាសម្ព័ន្ធក្បាល ម៉ាស៊ីនរដ្ឋសភា ឥឡូវសួរថា ទប់បានទេ? អ្នកធ្វើបាតុកម្ម ឬមហាបាតុកម្ម វាជាការឥតប្រយោជន៍ ព្រោះព្រឹកនេះ បានរៀបចំប្រជុំរៀបចំក្បាលម៉ាស៊ីនរដ្ឋសភា អនុប្រធានទី១រដ្ឋសភា អនុប្រធានទី២រដ្ឋសភា ព្រមទាំងគណៈកម្មការទាំង១០នៃរដ្ឋសភា ហើយល្ងាចនេះ សមាជិករដ្ឋសភាទាំង១២៥ ទៅស្បថចូលកាន់តំណែង នៅព្រះបរមរាជវាំង” ។
ចំណុចដូចដែលលោករៀបរាប់នេះ ត្រូវបានលោកអះអាងថា អង្គការចាត់តាំងកំពូល របស់ជាតិត្រូវបានរៀបចំឡើង ស្របតាមលទ្ធផល នៃការបោះឆ្នោតហើយ “ដូច្នេះគ្មានជនណា គ្មានមហិច្ឆតារបស់បរទេសណាមករារាំង ដល់ដំណើរទៅមុខរបស់ជាតិបានទេ ។ អីចឹងកុំថាធ្វើបាតុកម្ម នៅកូរ៉េខាងត្បូង ជប៉ុន អាមេរិក ឬក៏នៅប្រទេសណានោះ មិនអាចរារាំងឬធ្វើជា ឧបសគ្គដល់ដំណើរការរៀបចំ ស្ថាប័នកំពូលជាតិបាននោះទេ”។
ក្នុងសម័យប្រជុំរដ្ឋសភាលើកដំបូង នៅព្រឹកថ្ងៃ២១ សីហានេះដែរ ព្រះមហាក្សត្រមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលទទួលការទុកចិត្ត ពីរដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍន៍ និងពង្រឹងប្រព័ន្ធការពារ សង្គមដែលមានវិសាលភាពគ្របដណ្តប់ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្ស និងអភិវឌ្ឍវប្បធម៍ដោយចីរភាព ដើម្បីធានាអត្ថិភាព ដ៏រឹង មាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុម នៃសង្គមជាតិ ៕