ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ​បិទមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ ស្ពានមង្គល បន្ទាប់ពីមានករណីស្លាប់អ្នកជំងឺម្នាក់

រូបភាពពី៖ បណ្ដាញសង្គម

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបិទ និងដកហូតសេចក្ដីសម្រេចឲ្យបើកមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ «ស្ពានមង្គល» បន្ទាប់ពីស្រាវជ្រាវករណីស្លាប់អ្នកជំងឺម្នាក់ ក្រោយបានបញ្ជូនចេញពីមន្ទីរសម្រាកព្យាបាលមួយនេះ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា តាមការចុះត្រួតពិនិត្យរបស់ក្រុមការងារចម្រុះ នៅមន្ទីរសម្រាកព្យាបាល ស្ពានមង្គល មានទីតាំងស្ថិតនៅផ្ទះលេខ ៥១០ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ បានពិនិត្យ ស្រាវជ្រាវករណីស្លាប់អ្នកជំងឺម្នាក់ ក្រោយពីបានបញ្ជូនពីមន្ទីរសម្រាកព្យាបាលស្ពានមង្គល ដោយរថយន្តគិលានសង្គ្រោះទៅ សង្គ្រោះបន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានសន្និដ្ឋានថា មន្ទីរសម្រាកព្យាបាល ស្ពានមង្គល មានចំណុចខ្វះខាតមួយចំនួន ក្នុងការធ្វើរោគវិនិច្ឆ័យបច្ចេកទេសជួយ សង្គ្រោះបន្ទាន់ និងពេលបញ្ជូនអ្នកជំងឺ។

ក្រសួង បញ្ជាក់ថា «អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល បានសម្រេចបិទ និងដកហូតសេចក្តីសម្រេចឱ្យបើកមន្ទីរសម្រាកព្យាបាល ឯកជនឈ្មោះ ស្ពានមង្គល»។

ដើម្បីពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ក្រសួងសុខាភិបាល បានណែនាំដល់ម្ចាស់មូលដ្ឋានសុខាភិបាល ឯកជនទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងផ្តល់សេវាប្រកបដោយគុណភាព សុវត្ថិភាព និងគោរពក្រមសីលធម៌វិជ្ជាជីវៈ ដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕

To Top