ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ៧ខែ ឆ្នាំ២០២៣ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេស ជាសមាជិកអាសិប សម្រេចបាន ៤.៥៩០លានដុល្លារ កើនឡើង ២១% បើធៀបនឹងមុន ។ នេះយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។
ក្នុងពិធីសម្ពោធ នៃការបោះពុម្ពផ្សាយសៀវភៅស្តីពី «អាសិប៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគផ្នែកច្បាប់» នាពេលថ្មីៗនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា កម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក រាប់ចាប់តាំងពីកម្ពុជា ចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩ ។ កម្ពុជា បានប្រើប្រាស់តួនាទី របស់ខ្លួនយ៉ាងសកម្ម ក្នុងការពង្រឹងដំណើរការ នៃទីផ្សារ និងមូលដ្ឋានផលិតកម្មតែមួយរបស់អាស៊ាន ព្រមទាំងចូលរួមលើកកម្ពស់អាស៊ាន ជាតំបន់ពាណិជ្ជកម្ម វិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់សកល។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងអំឡុងពេល នៃការធ្វើជាប្រធានអាស៊ានលើកទី២ នៅឆ្នាំ២០១២ កម្ពុជាបានតស៊ូមតិ និងប្រមូលផ្តុំកិច្ចព្រមព្រៀង ក្នុងចំណោមដៃគូពាណិជ្ជកម្មអាស៊ាន ដើម្បីទទួលបានការឯកភាពគ្នា ផ្តួចផ្តើមចរចាកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅរាជធានីភ្នំពេញ និងនៅពេលបន្តបន្ទាប់ទៀត ដោយបានចំណាយពេលជាង ៨ ឆ្នាំដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះ។
លោកគូសបញ្ជាក់ថា «ក្នុងរយៈពេល ៧ខែ ក្នុងឆ្នាំ២០២៣នេះ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសជាសមាជិកអាសិប សម្រេចបាន ៤.៥៩០លានដុល្លារកើនឡើង ២១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២»។
លើសពីនេះ លោករដ្ឋមន្ដ្រី បានលើកឡើងថា អាសិប ត្រូវបានគេរំពឹងថា នឹងដើរតួយ៉ាងសំខាន់ ក្នុងការធ្វើសមាហរណកម្មអាស៊ាន ទៅក្នុងសេដ្ឋកិច្ចពិភពលោក, ជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់, ទប់ទល់នឹងទំនោរ នៃការប្រឆាំងសកលភាវូបនីយកម្ម និងការការពារនិយម ហើយក៏ជាប្លុកពាណិជ្ជកម្ម ដ៏ធំបំផុត ក្នុងពិភពលោកនាពេលបច្ចុប្បន្ន ដែលមានដប់ប្រាំប្រទេស ជាមួយនឹងផលិតផល ក្នុងស្រុកសរុបចំនួន ២៦,២ ទ្រីលានដុល្លារ ។ អាសិប តំណាងឲ្យ ៣០% នៃផលិតផលក្នុងស្រុក សរុបរបស់ពិភពលោក, ២៨% នៃពាណិជ្ជកម្មពិភពលោក និង៣២,៥% នៃការវិនិយោគសកល ៕