ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ថ្ងៃនេះគាប់ជួនខ្លាំងណាស់ កម្ពុជា-ថៃ ទទួលបាននាយករដ្ឋមន្រ្តីថ្មី ក្នុងថ្ងៃតែមួយ

រូបភាពពី៖ តេឡេក្រាម សម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា ថ្ងៃនេះ ជាការគាប់ជួនខ្លាំងណាស់ ដោយប្រទេសកម្ពុជា និងថៃ ទទួលបាននាយករដ្ឋមន្រ្តីថ្មី ក្នុងថ្ងៃតែមួយ ដូច្នេះសម្ដេច សង្ឃឹមថា នាយករដ្ឋមន្ដ្រីថ្មីទាំងពីរ នឹងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី កាន់តែរីកចម្រើនថែមទៀត។

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភា​ បានបោះឆ្នោតគាំទ្រចំពោះកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ដ្រីថ្មីរបស់កម្ពុជា ខណៈ រដ្ឋសភាថៃ ក៏បានបោះឆ្នោតជ្រើសរើសលោក Srettha Thavisin ជានាយករដ្ឋមន្រ្តីថ្មី របស់ថៃ។

តាមរយៈសារតេឡេក្រាម នាថ្ងៃទី២២ សីហា នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ថ្ងៃនេះជាការគាប់ជួនខ្លាំងណាស់ ដោយប្រទេសពីរ កាន់របបរាជានិយមដូចគ្នានៅជិតខាងគ្នា (កម្ពុជា និងថៃ) ទទួលបាននាយករដ្ឋមន្រ្តីថ្មីក្នុងថ្ងៃតែមួយ។ បើទោះបីខ្ញុំ ឈប់ធ្វើជានាយករដ្ឋមន្រ្តីកម្ពុជាចា ប់ពីថ្ងៃនេះតទៅក៏ដោយ ខ្ញុំសូមផ្ញើសារអបអរសាទរជូនចំពោះឯកឧត្តម Srettha Thavisin ដែលត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសរើសជា នាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសថៃ»។

សម្ដេចតេជោ ហ៊ុន សែន បន្ដថា «ខ្ញុំសង្ឃឹមថា នាយករដ្ឋមន្រ្តីថ្មីទាំងពីរ នឹងធ្វើទំនាក់ទំនងជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរឲ្យរីកចម្រើនទ្វេដងបន្ថែមទៀត»៕

To Top