ព័ត៌មានជាតិ

រដ្ឋសភា ក្រោមការដឹកនាំលោកស្រី ឃួន សុដារី ពិនិត្យសំណើសុំជ្រើសតាំង សមាជិកក្រុមប្រឹក្សា ធម្មនុញ្ញថ្មី១រូប

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាពលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ ដើម្បីពិនិត្យលើសំណើ សុំជ្រើសតំាងសមាជិកក្រុមប្រឹក្សា ធម្មនុញ្ញថ្មីចំនួន១រូប។

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានធ្វើការពិភាក្សា និងអនុម័តលើសំណើសុំជ្រើសតាំង សមាជិកក្រុមប្រឹក្សាធម្មនុញ្ញថ្មីចំនួន១រូបនេះ សម្រាប់ជំនួសតំណែងលោក សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព កាលពីពេលកន្លងមក។

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានប្រគល់ភារកិច្ច ជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងផ្សព្វផ្សាយ ជ្រើសរើសឥស្សរជន ដែលមានលក្ខណៈសម្បត្តិសមស្រប ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។

សូមជម្រាបថា ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលមួយ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ សម្រាប់ការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់ និងសម្រេចអំពីករណីវិវាទកម្ម ទាក់ទងនឹងការបោះឆ្នាត ជ្រើសតាំងតំណាងរាស្ដ្រ និងការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា ។ ជាគោលការណ៍ ក្រុមប្រឹក្សាធម្មនុញ្ញ មិនអាចយកបញ្ហាណាមួយ មកពិនិត្យដោយខ្លួនឯងបានឡើយ មានតែព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ដ្រី សមាជិកព្រឹទ្ធសភា មួយភាគបួន និងតំណាងរាស្ដ្រមួយភាគដប់ ឬតុលាការប៉ុណ្ណោះ ដែលអាចសុំទៅក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យធម្មនុញ្ញភាពនៃច្បាប់បាន ៕

To Top