ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំទូតកម្ពុជា ទើបតែងតាំងថ្មី ចំនួន ៧រូប ថា ត្រូវសកម្មផ្សព្វផ្សាយ និងបកស្រាយពន្យល់ អំពីសភាពការណ៍ពិត ព្រមទាំងការអនុវត្ត នូវលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ជូនដល់សាធារណៈមតិជាតិ និងអន្តរជាតិ។
នាឱកាសអនុញ្ញាតឲ្យ ឯកអគ្គរាជទូតកម្ពុជាទើបតែងតាំងថ្មីចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ សម្តេច សាយ ឈុំ បានផ្តាំផ្ញើឯកអគ្គរាជទូត ទាំង៧រូប ត្រូវយកចិត្តទុកដាក់ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឲ្យបានល្អប្រសើរ ដើម្បីផលប្រយោជន៍ ទៅវិញទៅមករវាងកម្ពុជា និងប្រទេសជាមិត្តដែលខ្លួន តាំងនៅទាំងពេលបច្ចុប្បន្ន និងតទៅអនាគតយូរអង្វែង ។
សម្ដេចបន្ដថា ទន្ទឹមនឹងនេះ ត្រូវយកចិត្តទុកដាក់គិតគូរ ដល់ផលប្រយោជន៍ របស់ប្រជាពលរដ្ឋខ្មែរ និងពលករខ្មែរ ដែលកំពុងរស់នៅប្រកបអាជីវកម្ម និងធ្វើការងារនៅប្រទេស ដែលខ្លួនតាំងនៅ ។ ជានិច្ចកាលត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃប្រទេសនានាប្រចាំ នៅប្រទេសដែលខ្លួនតាំងនៅ ។
សម្តេច សាយ ឈុំ គូសបញ្ជាក់ថា «ឯកអគ្គរាជទូត ទំាងអស់ត្រូវ សកម្មផ្សព្វផ្សាយ និងបកស្រាយពន្យល់អំពីសភាពការណ៍ពិត និងការអនុវត្តនូវ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជូនដល់សាធារណៈមតិជាតិ និងអន្តរជាតិ ជាពិសេសនៅប្រទេស ដែលកំពុងបំពេញភារកិច្ច ។ ត្រូវផ្តល់ព័ត៌មានឲ្យបានរហ័ស ចំពោះសភាពការណ៍ជាក់ស្តែងរបស់កម្ពុជា និងត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរបរទេស មកទស្សនាកម្ពុជា ឲ្យបានកាន់តែច្រើន ព្រមទាំងសកម្មផ្សព្វ ផ្សាយអំពីវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ដ៏ល្អ របស់កម្ពុជាយើង» ។
ក្នុងឱកាសនោះដែរ លោក លុយ ដាវីត ជាតំណាងឯកអគ្គរាជទូតទំាងអស់ បានប្តេជ្ញានៅចំពោះមុខ សម្តេចថា នឹងខិតខំបំពេញភារកិច្ចការទូត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឲ្យបានសក្តិសមជាតំណាងកម្ពុជា នៅលើឆាកអន្តរជាតិ។
លោកសន្យាថា នឹងខិតខំអនុវត្តតាមអនុសាសន៍របស់សម្តេចប្រធានព្រឹទ្ធសភា និងខិតខំផ្សព្វផ្សាយអំពីវឌ្ឍនភាព និងការរីកចម្រើនរបស់ប្រទេសជាតិ ពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការល្អប្រសើរជាមួយនឹងប្រទេសម្ចាស់ផ្ទះ និងឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រទេសផ្សេងៗទៀត ព្រមទាំងខិតខំទាក់ទាញវិនិយោគិន និងអ្នកទេសចរឲ្យមកកម្ពុជា បានកាន់តែច្រើន ដើម្បីរួមចំណែកអភិវឌ្ឍន៍ជាតិ និងលើកកម្ពស់កិត្យានុភាពជាតិ នៅក្នុងក្របខ័ណ្ឌតំបន់ និងលើពិភពលោក ៕