ព័ត៌មានជាតិ

មេក្លោងគ្រឿងញៀន រំដោះខ្លួននៅសៀមរាប មានបំណងចេញទៅ ឡាវ-ថៃ ប៉ុន្តែត្រូវបានបង្អាកដំណើរទាន់

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូអគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានអះអាងថា មេក្លោងគ្រឿងញៀនជនជាតិចិន ក្រោយពីបានរត់គេចខ្លួនដោយសារឧក្រិដ្ឋជនលួចចូលរំដោះនៅក្នុងគ្លីនិកធ្មេញ នៅសៀមរាបកាលពីសប្តាហ៍មុន មានបំណងចង់រត់គេចខ្លួនទៅឡាវនិងថៃ ប៉ុន្តែត្រូវបានសមត្ថកិច្ចដឹងមុន ក៏បានបង្ហាក់ដំណើរទាន់ពេលវេលា។

កិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបបទល្មើស ពាក់ព័ន្ធនឹងករណីក្រុមប្រដាប់អាវុធមួយក្រុម ធ្វើសកម្មភាព រំដោះទណ្ឌិតដែលជាប់ពន្ធធនាគារ នៅខេត្តសៀមរាប ក្នុងអំឡុងពេលមកព្យាបាលធ្មេញ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានមកវិញទាំងអស់ហើយ ។ បន្ទាប់ពីឃាត់ខ្លួនបានមកវិញ លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ បានរៀបចំសន្និសីទសារព័ត៌មាន បង្ហាញក្រុមឧក្រិដ្ឋជនទាំងនោះ ។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ គូសបញ្ជាក់ថា តាមការស្រាវជ្រាវ ក្រុមឧក្រិដ្ឋជនមានបំណងចង់រត់គេចខ្លួន ចេញទៅក្រៅប្រទេស ដោយតាមទិសដៅមាន ២ទៅ៣ប្រទេស ដែលបម្រុងនឹងចាកចេញ ទៅហើយ ប៉ុន្តែត្រូវបានសមត្ថកិច្ច ធ្វើការទាន់ពេលវេលា បង្អាក់សកម្មភាពទាំងនោះ រហូតឃាត់ខ្លួនបាន នៅរាជធានីភ្នំពេញតែម្តង ។

លោកមានប្រសាសន៍ថា “ពេលដែលវាគេចចេញមកនោះ គឺវល់ៗរបស់វាដែរ ទិសរបស់វា គឺវាមាន៣ ទៅ៤ជ្រុង ។ ទី១ វាចង់ទៅឡាវ និងទី២ចង់ទៅថៃ ប៉ុន្តែសំខាន់យើងកាត់ផ្តាច់មធ្យោបាយ និងខ្សែរយៈវាបាន ។ អីចឹងវានៅវល់មិនដឹងទៅណា វាមកពួននៅភ្នំពេញ” ។

លោកបញ្ជាក់ទៀតថា កម្លាំងជំនាញបានសហការគ្នា ដើម្បីទប់ស្កាត់និងឈានដល់ការចាប់ខ្លួនពួកគេនៅរាជធានី-ខេត្ត៣ ក្នុងនោះសៀមរាប បាត់ដំបង និងរាជធានីភ្នំពេញ ។ បើតាមការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ រហូតមកដល់ពេលនេះ ការបង្រ្កាបក្រុមឧក្រិដ្ឋជន និងអ្នកធ្វើសកម្មភាព សម្រេចបានស្ទើរតែ១០០% ដោយនៅកិច្ចការស្រាវជ្រាវ ស្វែងរកមុខសញ្ញាដែលនៅសេសសល់ ជាពិសេសមុខសញ្ញាជាប់ពាក់ព័ន្ធប៉ុណ្ណោះ ។

គួរឲ្យដឹងថា មេខ្លោងគ្រឿងញៀនជាជនជាតិចិន ដែលក្រុមឧក្រិដ្ឋជនប្លន់រំដោះកាលពីកន្លងទៅថ្មីៗ នៅខេត្តសៀមរាប ត្រូវបានកម្លាំងសមត្ថកិច្ច អគ្គស្នងការដ្ឋានគរបាលជាតិ ចាប់បានមកវិញយ នៅព្រឹកថ្ងៃទី២១ ខែសីហា នៅសង្កាត់ព្រែលៀប ខណ្ឌជ្រោយចង្វារ ។ ទណ្ឌិតចាប់ខ្លួនឈ្មោះ Chen Hsin Han អាយុ៤៥ឆ្នាំ ជនជាតិចិន ជាប់ពន្ធនាគារពាក់ព័ន្ធករណីគ្រឿងញៀនជាង៥០ឆ្នាំ។ទណ្ឌិតជាមេក្លោងជួញដូរគ្រឿងញៀន ត្រូវបានក្រុមប្រដាប់ អាវុធចូលរំដោះកាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចគ្លីនិកធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

បច្ចុប្បន្នកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កំពុងបញ្ជូនខ្លួនពិរុទ្ធជន ជាមេក្លោងរូបនេះទៅកាន់ ទៅមន្ទីប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ ដើម្បីបន្តនីតិវិធី ៕

To Top