ព័ត៌មានជាតិ

នគរបាល ចុះបង្ក្រាបទីតាំងកែច្នៃ វេចខ្ចប់ ស្តុក ចែកចាយ ប្រេងម៉ាស៊ីន ម៉ាក TOTAL និង TRA CHANG ក្លែងក្លាយ នៅខណ្ឌឫស្សីកែវ

រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ភ្នំពេញ៖ កម្លាំងនគរបាល នៃនាយកដ្ឋានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ រួមនឹងសមត្ថកិច្ចមូលដ្ឋានខណ្ឌឫស្សីកែវ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ បានចុះបង្ក្រាបទីតាំង កែច្នៃ វេចខ្ចប់ ស្តុក ចែកចាយ ប្រេងម៉ាស៊ីន ម៉ាក TOTAL និង TRA CHANG ក្លែងក្លាយ នៅឃ្លាំងគ្មានលេខ ផ្លូវ១០០៣ ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ក្រោយពីធ្វើការឆែកឆេរត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញនូវសម្ភារបំរើឲ្យ ការងារវេចខ្ចប់ប្រេងម៉ាស៊ីនក្លែងក្លាយជាច្រើន ដូចជាសំបកពុយ សំបកធុង សំបកកេស សំបកដប តែមបិទស្ទ័គឃ័រ រូមនឹងឧបករណ៍សម្រាប់ច្រក ចំនួន០២ ព្រមទាំងប្រេងម៉ាស៊ីនច្រករួចប្រមាណជិត ៣០០កេស ដែលសរុបទាំងអស់ប្រមាណ ជាង ១២តោន ។

បន្ទាប់ពីបានត្រួតពិនិត្យចប់សព្វគ្រប់ លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចអោយសមត្ថកិច្ច ធ្វើការដកហូតសម្ភារទាំងអស់ខាងលើ ដោយរក្សាទុកនៅក្នុងឃ្លាំងដាក់សម្ភារនៃទីតាំងខាងលើ និងបិទឃ្លុំបេរផ្អាកដំណើរការទីតាំងជាបណ្តោះអាសន្ន ដើម្បីធ្វើការពិនិត្យស្រាវជ្រាវបន្ត ។ ចំពោះម្ចាស់ទីតាំង ២រូប (ស្រី១ ប្រុស១) ត្រូវបានអញ្ជើញទៅបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្នើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី។

គួរបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើង តាមពាក្យបណ្តឹងរបស់ក្រុម Tilleke & Gibbins (Cambodia) Ltd. ដែលជាក្រុមហ៊ុនតំណាងឲ្យក្រុមហ៊ុន TotalEnergies និងបន្ទាប់ពីការស៊ើបអង្កេត ស្រាវជ្រាវរបស់សមត្ថកិច្ចអស់រយៈពេលប្រហែល ២ខែមកហើយ ៕

To Top