បរទេស៖ នាយករដ្ឋមន្ត្រីចាំផ្ទះលោក ប្រាយុទ្ធ ចាន់ អូចា នៅថ្ងៃពុធបានអបអរសាទរ អ្នកស្នងតំណែងរបស់លោក គឺលោក ស្រែថា ថាវិនសិន ហើយលោកក៏បានកោះប្រជុំដើម្បីសម្រេច លើការរុះរើយោធាប្រចាំឆ្នាំ របស់ប្រទេសថៃផងដែរ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បានប្រាប់អ្នកសារព័ត៌មានថា លោកបានអបអរសាទរចំពោះលោក ស្រែថា ដែលបានឈ្នះការបោះឆ្នោតសភា ធ្វើជានាយករដ្ឋមន្ត្រី និងជូនពរឱ្យលោកទទួលបាន ជោគជ័យក្នុងការគ្រប់គ្រងជាតិ។
ឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយថា តួនាទីនាយករដ្ឋមន្ត្រីរបស់លោក នឹងបញ្ចប់នៅពេលដែលលោក ស្រែថា និងគណៈរដ្ឋមន្ត្រីថ្មី របស់លោកស្បថចូលកាន់តំណែង។
ទន្ទឹមនឹងនេះ លោកថា លោកនឹងត្រូវរុះរើមន្ត្រីរដ្ឋាភិបាល មួយចំនួនតាមច្បាប់អនុញ្ញាត ដើម្បីទប់ស្កាត់បញ្ហានៅថ្ងៃអនាគត។
ប្រភពបាននិយាយថា ឧត្តមសេនីយ៍ ប្រាយុទ្ធ ដែលជារដ្ឋមន្ត្រីការពារជាតិផងដែរនោះ បានកោះប្រជុំគណៈកម្មាធិការស្តីពី ការរុះរើយោធាប្រចាំឆ្នាំនៅរសៀលថ្ងៃពុធ។ គណៈកម្មាធិការនេះរួមមាន មេកងកម្លាំងប្រដាប់អាវុធ និងការពារជាតិ អនុរដ្ឋមន្ត្រីការពារជាតិ និងលេខាធិការអចិន្ត្រៃយ៍ការពារជាតិ។
ការរុះរើយោធានៅឆ្នាំនេះនឹងរួមបញ្ចូល ការតែងតាំងមេបញ្ជាការ កងកម្លាំងប្រដាប់អាវុធថ្មីចំនួនបួនរូប និងមេបញ្ជាការកងកំលាំងការពារជាតិ ខណៈដែលអ្នកកាន់តំណែងនឹង ចូលនិវត្តន៍នៅចុងខែកញ្ញា ៕
ប្រែសម្រួលៈ ណៃ តុលា