ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងអះអាងថា ជារៀងរាល់ពេលផឹកទឹកសម្បថ មុនចូលកាន់តំណែងម្តងៗ លោកតែងតែស្បថថា មិនចង់មានបានដោយការកេងប្រវ័ញ្ចពីអ្នកដទៃ ហើយខិតខំបម្រើប្រទេសជាតិ ឲ្យអស់ពីសមត្ថភាព។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៣ សីហានេះ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បញ្ជាក់ថា «ជារៀងរាល់ផឹកទឹកសម្បថ មុនចូលកាន់តំណែងម្តងៗ ខ្ញុំតែងតែស្បថថាមិនចង់មានបាន ដោយការកេងប្រវ័ញ្ចពីអ្នកដទៃ ហើយខិតខំបម្រើប្រទេសជាតិ ឲ្យអស់ពីសមត្ថភាព។ សូមអរគុណដល់បងប្អូនយើងទាំងអស់ ដែលបានផ្ញើសារនិងចូលខមមិន ជូនពរដល់ខ្ញុំហើយក៏សូមជូនពរដូចគ្នា» ។
សូមរំលឹកថា លោក កែវ រ៉េមី ត្រូវបានព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស កាលពីថ្ងៃទី២២ សីហាម្សិលមិញនេះ។
ជាមួយគ្នានោះដែរនៅថ្ងៃដដែលនោះ លោក កែវ រ៉េមី ក៏ត្រូវបានកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចឲ្យលោកទទួលបន្ទុកជួយនាយករដ្ឋមន្ត្រី លើការសម្របសម្រួលដឹកនាំកិច្ចការ សិទ្ធិមនុស្សរបស់កម្ពុជា និងទទួលបន្ទុកជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ព្រមទាំងទទួលបន្ទុកអនុវត្ត ការងារផ្សេងទៀតតាមការ ប្រគល់របស់នាយករដ្ឋមន្ត្រី ៕