ភ្នំពេញ៖ លោកបណ្ឌិត ឃី សុវណ្ណរតនា អតីតសម្ដេចសង្ឃត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២២ ខែសីហា ។
សូមរំលឹកថា មុនលាចាកសិក្ខាបទបណ្ឌិត ឃី សុវណ្ណរតនា មានងារជាសម្ដេចព្រះមហាអរិយវង្ស និងមានតួនាទីជាអគ្គលេខាធិការរងថេរសភា នៃព្រះពុទ្ធសាសនាកម្ពុជា ជាព្រះអនុប្រធានលេខាធិការដ្ឋាន គណៈសង្ឃនាយក សាកលវិទ្យាធិការរងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ព្រះអនុគណខណ្ឌ៧មករា និងជាព្រះចៅអធិការវត្តមង្គលវ័ន ហៅវត្តស្វាយដង្គំ រាជធានីភ្នំពេញ លើសពីនេះ ក៏មានតួនាទីនៅអង្គការអន្តរជាតិ ក្រៅប្រទេសមួយចំនួនផងដែរ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺក្រៅភាសាខ្មែរ បណ្ឌិត ឃី សុវណ្ណរតនា ចេះ និងអាចប្រើប្រាស់ភាសាបរទេសរហូតដល់ ១០ភាសា រួមមាន៖ អង់គ្លេស បារាំង ឥណ្ឌា ស្រីលង្កា ភូមា ថៃ ឡាវ វៀតណាម ចិន រួមទាំងភាសាបាលី និងសំស្ក្រឹត ។
ជាមួយនឹងការទទួលតំណែងរដ្ឋលេខាធិការនេះដែរ លោក ឃី សុវណ្ណរតនា ក៏បានបង្ហាញវត្តមានជាលើកដំបូងផងដែរ នៅក្នុងកម្មវិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោក ប្រាក់ សុខុន និងឧបនាយករដ្ឋមន្រ្ដី សុខ ចិន្តាសោភា រដ្ឋមន្រ្ដីការបរទេស ។
ជាមួយគ្នានោះដែរលោកបណ្ឌិត ក៏បានបង្ហោះសារថ្លែងអំណរព្រះករុណាទិគុណ និងគោរពអរគុណ ចំពោះព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ផងដែរ ៕