ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ជាលើកដំបូងក្នុងរយៈពេលជាង ៤៤ឆ្នាំ ពិសេសជាង៣៨ឆ្នាំ ដែលសម្ដេចមិនស្ថិតនៅ និងមិនដឹកនាំប្រជុំគណៈរដ្ឋមន្ត្រី ។
ការលើកឡើងរបស់សម្ដេចតេជោ ស្របពេលដែលគណៈរដ្ឋមន្ត្រីថ្មី កំពុងតែដំណើរការកិច្ចប្រជុំពេញអង្គជាលើកដំបូង នាថ្ងៃទី២៤ សីហានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។
តាមរយៈបណ្ដាញសង្គមតេឡេក្រាម នៅមុននេះបន្តិច សម្ដេច ហ៊ុន សែន បានថ្លែងថា «ជាលើកដំបូងក្នុងរយៈពេលជាង៤៤ឆ្នាំ ពិសេសជាង៣៨ឆ្នាំ ដែលខ្ញុំមិនស្ថិតនិងមិនដឹកនាំប្រជុំគណៈរដ្ឋមន្ត្រី។ ខ្ញុំកំពុងមើលការផ្សាយផ្ទាល់ចេញពីអង្គប្រជុំដែលដឹកនាំដោយនាយករដ្ឋមន្រ្តីថ្មី។ ពិនិត្យមើលសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលភាគច្រើនជាបញ្ញវន្តវ័យក្មេង ខ្ញុំកំណត់ច្បាស់ថា ការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យ ចំណាស់ មកកាន់ថ្នាក់ដឹកនាំវ័យក្មេងគឺត្រឹមត្រូវខ្លាំងណាស់» ។
ជាមួយគ្នានោះ សម្ដេចក៏បានជូនពរឲ្យគណៈរដ្ឋមន្ត្រីថ្មី ជោគជ័យក្នុងការបំពេញភារកិច្ចដើម្បីជាតិ សាសនា ព្រះមហាក្សត្រ ៕