ភ្នំពេញ ៖ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងស្ថាប័នជំនាញពាក់ព័ន្ធ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ ជាមួយក្រុមហ៊ុនចិន China Metro ដើមី្បប្រមូលព័ត៌មាន និងទិន្នន័យសម្រាប់សិក្សាគម្រោងផ្លូវរថភ្លើង ធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ចូលមកក្រុងសៀមរាប របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ។ នេះបើតាមការចេញផ្សាយពីរដ្ធបាលខេត្តសៀមរាប ។
តាមការបញ្ជាក់របស់លោក ស៊ី សាវមីង វិស្វករជាន់ខ្ពស់ផ្នែកចលនាកម្មដងផ្លូវ បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវរថភ្លើង ធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានពីរជម្រើស ដោយមួយស្ថិតនៅលើផ្លូវចាស់ និងមួយនៅលើផ្លូវថ្មី។ ម៉្យាងទៀតគម្រោងនេះ នៅពុំទាន់ច្បាស់លាស់នៅឡើយ ដោយក្រុមការងារបច្ចេកទេសបានកំពុងចុះមកធ្វើការសិក្សា ដើមី្បប្រមូលទិន្នន័យរាល់ផលប៉ះពាល់។ ក្នុងការបង្ហាញនៃគំនូសប្លង់ នៃគម្រោងការស្ថាបនា ផ្លូវរថភ្លើងនេះ ខាងក្រុមហ៊ុនចិន បានសំណូមពរអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ ចូលរួមសហការប្រមូលព័ត៌មាន និងទិន្នន័យ ដោយផ្លូវរថភ្លើងនេះ នឹងឆ្លងកាត់តំបន់អង្គរដោយអាចប៉ះពាល់តំបន់បុរាណដ្ឋាន ឬតំបន់ដែលអាជ្ញាធរជាតិអប្សរាបានហាមឃាត់។
លោក ពិន ប្រាកដ ក្នុងនាមរដ្ឋបាលខេត្តសៀមរាប គាំទ្រ និងត្រៀមសហការជាមួយក្រុមហ៊ុន ក្នុងការផ្តល់ព័ត៌មាន និងទិន្នន័យជូនក្រុមហ៊ុនដែលបានចុះមកសិក្សា ប្រមូលទិន្នន័យ ដើមី្បឆ្លើយតបទៅនឹងការកើនឡើងភ្ញៀវទេសចរណ៍ សេវាកម្មដឹកជញ្ជូន នាពេលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនឹងចាប់ផ្តើមបើកទទួលភ្ញៀវទេសចរណ៍ ដោយផ្ទាល់មកពីប្រទេសផ្សេងៗ មកទស្សនាកម្ពុជា សំខាន់ខេត្តសៀមរាបដែលជាខេត្តសម្បូរប្រាង្គប្រាសាទបុរាណ និងរមណីយដ្ឋានធម្មជាតិ។
ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានធ្វើការណែនាំមួយចំនួន ដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុកពាក់ព័ន្ធ ត្រៀមលក្ខណៈចូលរួមសហការ ក្នុងការផ្តល់ព័ត៌មានផងដែរ។
លោកអភិបាលរងខេត្ត ក៏បានជម្រាបក្រុមហ៊ុនថា ដើមី្បឲ្យគម្រោងស្ថាបនាផ្លូវរថភ្លើងនេះដំណើរការទៅដោយរលូន ក្រោយពេលទទួលបានគំនូសនៃប្លង់ផ្លូវជាក់លាក់ពីក្រុមហ៊ុនហើយនោះ អាជ្ញារធរខេត្តនឹងជម្រុញដល់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ ធ្វើការប្រមូលព័ត៌មាន និងទិន្នន័យ ដែលជាធាតុផំ្សបញ្ចូលរបស់គម្រោងឲ្យក្រុមហ៊ុនដែលចង់បានទៅតាមសំណូមពរ ៕