ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសផ្អាកប្រើប្រាស់ សាលសន្និសីទចតុម្មុខនៅជិតព្រះបរមរាជវាំង តាមបណ្តោយមាត់ទន្លេ ជាបណ្តោះអាសន្ន ក្នុងការរៀបចំកម្មវិធីផ្សេងៗមួយរយៈពេលសិន ។
ការផ្អាកនេះ នឹងចាប់ផ្តើមអនុវត្តពីថ្ងៃប្រកាសជូនដំណឹងរបស់ក្រសួង នាថ្ងៃ២២ សីហា រហូតដល់ចុងខែធ្នូ ឆ្នាំ២០២៣ ខាងមុខ ។
មូលហេតុ នៃការផ្អាកជាបណ្តោះអាសន្ន នៃសាលសន្និសីទចតុម្មុខ ដែលជាទីតាំងមួយសល់ពីសម័យ សង្គមរាស្រ្តនិយមនេះ ត្រូវបានក្រសួងបញ្ជាក់ថា ដោយសារឲ្យជាងសំណង់ធ្វើការជួសជុលដំបូល និងពិដានតែប៉ុណ្ណោះ គ្មានហេតុផលអ្វីផ្សេងពីហ្នឹងទេ ។
សម្រាប់ការបើកដំណើរការឡើងវិញ ក្រសួងនឹងជូនដំណឹង នៅពេលការជួសជុលត្រូវបានបញ្ចប់ ។
យោងតាមឯកសារស្រាវជ្រាវ ដកស្រង់ចេញពីគេហទំព័រវិគីភិឌា សាលសន្និសីទចតុម្មុខនេះ យកឈ្មោះតាមទីតាំងដែលវាតាំងនៅគឺនៅត្រង់ចតុមុខ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះទទួល សន្និសីទពុទ្ធសាសនា នៅភ្នំពេញនាពេលនោះ ។ សាលសន្និសីទនេះមានលទ្ធភាពទទួលសមាជិកចំនួន៨០០នាក់ ។
ចំណែក គេហទំព័រហ្វេសប៊ុកឈ្មោះ “ArchCambodia” វិញបានផ្សាយថា សាលសន្និសីទចតុម្មុខ គឺជាស្នាដៃស្ថាបត្យកម្មមួយដែលមានរចនាបថយ៉ាងល្អ (ស្ថាបត្យកម្មខ្មែរថ្មី) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយ មហាវិថីព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ អគារនេះត្រូវបានគូរប្លង់ដោយស្ថាបត្យករខ្មែរ វណ្ណ ម៉ូលីវណ្ណ ដែលប្រជាជនខ្មែរ ចាត់ទុកលោកជាបិតាស្ថាបត្យករកម្ពុជា ហើយសាលនេះត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃទី ១២ ខែវិច្ឆកា ឆ្នាំ១៩៦១។
សាលសន្និសីទចតុម្មុខ ត្រូវបានបើកដំបូងនៅឆ្នាំ១៩៦១ ក្នុងនាមជា “La Salle de Conférence Chaktomuk”។ កិច្ចប្រជុំសំខាន់ៗរបស់រដ្ឋាភិបាល ភាគច្រើនតែងតែប្រព្រឹត្តទៅនៅក្នុងសាលនេះក្នុងគោលបំណងជាសន្និសីទ ។ អគារនេះត្រូវបានប្រែក្លាយជាភោជនីយដ្ឋាន នៅក្នុងឆ្នាំ១៩៩១ ហើយត្រូវបានផ្លាស់ប្តូរទៅជារោងល្ខោន នៅក្នុងឆ្នាំ១៩៩៤ ។ សាលសន្និសីទចតុមុខត្រូវបានកែលម្អឡើងវិញទាំងស្រុងនៅក្នុងឆ្នាំ២០០០ ដោយបានបំពាក់គ្រឿងបរិក្ខារ ស្តង់ដារអន្តរជាតិប្រើប្រាស់ជាចម្បងសម្រាប់សន្និសីទ សិក្ខាសាលា និងការបង្រៀន ហើយបច្ចុប្បន្ននៅតែត្រូវបាន គេប្រើជាសាលមហោស្រពសម្រាប់កម្មវិធីពិសេសនិងការប្រគំតន្រ្តី ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅកម្ពុជា៕