ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ទទួលរថយន្តសង្គ្រោះបន្ទាន់ ១គ្រឿង ជាជំនួយឥតសំណង ពីទីក្រុងជីណាន ប្រទេសចិន

រូបភាព ដើមអម្ពិល

ភ្នំពេញ៖ រថយន្តសង្គ្រោះបន្ទាន់១គ្រឿង ជាមួយនឹងសម្ភារៈ បរិក្ខាពេទ្យ នៅក្នុងរថយន្ត ដែលជាជំនួយឥតសំណង របស់ទីក្រុងជីណាន នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូល​រួម​ចំណែក ​ក្នុង​ការ​លើក​កម្ពស់​ សេវា​សុខភាព​សាធារណៈ​ ក្នុង​រាជធានី​ភ្នំពេញ ។

ពីធីប្រគល់-ទទួលនេះ បានធ្វើឡើងនារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក Zhao Haiyan អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា ។

លោក ឃួង ស្រេង ក្នុងនាមក្រុមប្រឹក្សា រាជធានីភ្នំពេញ គណៈអភិបាល មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៃសាលារាជធានីភ្នំពេញ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះមិត្តចិន ចំពោះការខិតខំប្រឹងប្រែងនៃការផ្តល់ជំនួយ និងកិច្ចសហការគាំទ្រ លើការប្រគល់រថយន្តសង្គ្រោះបន្ទាន់ ១គ្រឿង សម្ភារៈនិងបរិក្ខារ ជូនរដ្ឋបាលរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា៕

To Top