ព័ត៌មានជាតិ

ស្រ្តីមានផ្ទៃពោះ បង្ហាញពីភាពកក់ក្តៅ និងសប្បាយរីករាយ ដែលត្រូវបាន ប.ស.ស. យកចិត្តទុកដាក់ ផ្តល់សេវាដល់ពួកគាត់ 

ភ្នំពេញ៖ ក្រោយពេលដែលរាជរដ្ឋាភិបាលអណត្តិថ្មី បានប្រកាសជាផ្លូវការ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នេះ លោក ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទីបានចុះជួបសំណេះសំណាលជាមួយបងប្អូនសមាជិកប.ស.ស. ជាស្រ្តីមានផ្ទៃពោះ និងអ្នកសម្រាលកូនរួច ដែលមកស្នើសុំប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រាក់បំណាច់មាតុភាព នៅស្នាក់ការកណ្តាល ប.ស.ស. ស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។

ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនសមាជិក ប.ស.ស. ខាងលើ លោក ម៉េង ហុង បានបង្ហាញពីភាពស្និទ្ធស្នាលយ៉ាងរាក់ទាក់ ប្រកបដោយភាពកក់ក្តៅជាមួយបងប្អូនជាសមាជិក ប.ស.ស. ពិសេសស្រ្តីមានផ្ទៃពោះ និងអ្នកដែលបានសម្រាលកូនរួច ព្រមទាំងបានសួរសុខទុក្ខ និងណែនាំអំពីនីតិវិធី និងគោលការណ៍នានាមួយចំនួន ក្នុងការទទួលបានប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល និងអត្ថប្រយោជន៍ របបសន្តិសុខសង្គមផ្សេងៗជាច្រើនទៀត ដើម្បីផ្តល់ភាពងាយស្រួល ជូនបងប្អូនក្នុងការទទួលសេវាបានលឿន។

ជាមួយគ្នានេះ បងប្អូនសមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ ដែលមកទទួលសេវានៅ ប.ស.ស. បានបង្ហាញពីភាពកក់ក្តៅ និងសប្បាយរីករាយយ៉ាងខ្លាំង ដែលទទួលបានការយកចិត្តទុកដាក់ពី ប.ស.ស. ដោយបានផ្តល់កន្លែងរង់ចាំប្រកបដោយផាសុខភាពមានកន្លែងសម្រាប់អ្នកមានផ្ទៃពោះ អង្គុយត្រឹមត្រូវ ដែលបង្កភាពល្អប្រសើរ និងងាយស្រួលក្នុងការទទួលសេវា។

គួរបញ្ជាក់ឱ្យដឹងផងដែរថា គិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចប្រកាសដាក់ចេញនូវគោលនយោបាយ ផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម ជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ រហូតមកដល់ថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៣ នេះ មានបងប្អូនសមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ និងអ្នកបានសម្រាលកូនរួចសរុបប្រមាណជាង ១០ ៥៤៤ករណីបានមកដាក់ឯកសាស្នើសុំប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល ដែលសរុបជាថវិកាប្រមាណជាង ២ពាន់ ៦៣៤លាន ៣២ម៉ឺនរៀល ដែលក្នុងនោះអ្នកមកដាក់ឯកសាស្នើសុំ ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលពិនិត្យផ្ទៃពោះមុន និងក្រោយសម្រាល និងកូនចាក់វ៉ាក់សាំងមានចំនួន ៦ ៧២៤ករណី សរុបជាថវិកាប្រមាណជា ៥៣៧លាន ៩២ម៉ឺនរៀល។ 

តាមរយៈការផ្តល់ជូននូវប្រាក់ឧបត្ថម្ភ រួមទាំងអត្ថប្រយោជន៍ជាច្រើនខាងលើនេះ គឺសរបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាល បានផ្តល់ការគាំពារ និងយកចិត្តទុកដាក់កាន់តែខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត តាមរយៈគោលនយោបាយ ដែលបានដាក់ចេញថ្មីៗជាបន្តបន្ទាប់៕

To Top