ភ្នំពេញ៖ ពីរនាក់បងប្អូនជិះម៉ូតូឌុបគ្នា តាមផ្លូវមានទឹកលិច ចៃដន្យសាចទឹកបន្តិចបន្តួចលើបុរសម្នាក់ដែលជាអ្នកធ្វើដំណើរដោយម៉ូតូដូចគ្នា ភ្លាមៗនោះស្ត្រីជាបង និងប្អូនប្រុស បានចុះមកសុំទោសបុរសរូបនោះ តែបែរជាបុរសនោះមិនទទួលការសុំទោស និងទះនាងមួយដៃថែមទៀត ។
បើតាមគណនីហ្វេសប៊ុក Eli Mean បានបង្ហោះវីដេអូ និងសរសេរសាររៀបរាប់ថា «ផ្លូវលិចទឹកហើយជិះសាចទឹកដាក់តិចសោះ បងស្រីនិងប្អូនប្រុសក៏បានសុំទោសហើយ និយាយស្រួលជាមួយដែលតែពូនឹង ដឹងមិចទេនិយាយមិនចេះស្តាប់ ហើយចង់តែលើកដៃវៃ នឹងប្រើពាក្យសម្តីជេរបងស្រីហៅងែងពេញមាត់ ហើយខ្ញុំក៏បានជិះផ្លូវជាមួយពួកគាត់ ដែលតែទឹកលិចខ្លាំងហើយម៉ូតូច្រើន ហើយក៏សាចទឹកដាក់ គ្រាន់តែរឿងពិននឹងសោះហេតុអី មិនចេះអធ្យាស្រ័យឲ្យគ្នា» ។
ជុំវិញករណីនេះដែរមហាជន អ្នកលេងបណ្ដាញសង្គមជាច្រើន បានផ្ទុះការរិះគន់ ចំពោះទង្វើរបស់បុរសម្នាក់នោះ ដែលហ៊ានលើកដៃវាយសូម្បីតែមនុស្សស្រី ទោះបីនាងបានសុំទោសហើយក៏ដោយនោះ ។
ចំពោះរឿងរ៉ាវដែលផ្ទុះការរិះគន់ពេញបណ្ដាញសង្គមនេះដែរ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ច្បាស់ៗតាមហ្វេសប៊ុក នាមុននេះបន្តិចថា «ករណីខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានទទួលពាក្យបណ្តឹងរួចរាល់ហើយ នឹងកំពុងបន្តនិតិវិធី» ៕