ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលជាសេនាធិការបស់រដ្ឋាភិបាលអាណត្តិទី៧ បានលើកឡើងថា ក្រសួងបាននងកំពុងយកចិត្តទុកដាក់ ក្តាប់ស្ថានភាពកសិកម្ម ទាំងទិដ្ឋភាពបច្ចេកទេសនិងនយោបាយ។
ការឱ្យដឹងបែបនេះ ធ្វើឡើងនៅក្នុងឱកាស លោក ឌិត ទីណា ទទួលជួបជាមួយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប (EU) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលនឹងចប់អាណត្តិបេសកកម្មការទូត។
យោងតាមក្រសួងកសិកម្ម បានឱ្យដឹងថា ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណសម្រាប់កិច្ចសហប្រតិបត្តិការល្អ ក្នុងការចូលរួមគាំទ្រ និងអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឱ្យមានភាពប្រសើរឡើង។
បើតាមលោករដ្ឋមន្ត្រី ក្រសួងបាននិងកំពុងយកចិត្តទុកដាក់ ក្តាប់ស្ថានភាពកសិកម្ម ទាំងទិដ្ឋភាពបច្ចេកទេសនិងនយោបាយ គៀងគរឱ្យមានការចូលរួម ពីវិស័យឯកជន និងដៃគូរអភិវឌ្ឍន៍ ដើម្បីជំរុញកម្មវិធីផ្សព្វផ្សាយកសិកម្ម ឱ្យកាន់តែខិតជិតកសិករ និងក្រុមអ្នកផលិត មានភាពម្ចាស់ការ ធ្វើឱ្យប្រសើរឡើង នូវខ្សែច្រវាក់តម្លៃ ធានាបាននូវសន្តិសុខស្បៀង និងស្ថិរភាព តម្លៃនៅទូទាំងប្រទេស ព្រមទាំងការអនុវត្ត យុទ្ធសាស្ត្រ កាត់បន្ថយថ្លៃដើម កាត់បន្ថយការចំណាយផ្សេងៗ ដើម្បីជួយឱ្យកសិករទទួលបានផលចំណេញ មានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច ក្នុងការចូលរួម ជំរុញសេដ្ឋកិច្ច ប្រទេសកម្ពុជា ឱ្យក្លាយប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០៕