ភ្នំពេញ ៖ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្តិអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួង។

នៅថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២៣ កន្លងទៅ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឧត្តមសេនីយ៍ឯក ស ថេត នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងតែងតាំងមុខតំណែង នាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ ជំនួស នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងមុខតំណែង ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកនាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រីអវត្តមាន និងកិច្ចការងារមួយចំនួនទៀត៕






