ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានធ្វើការប្ដេជ្ញាទប់ស្កាត់ និងបង្ក្រាប ឲ្យទាន់ពេលវេលា នូវការប៉ុនប៉ងបង្កចលាចលក្នុងសង្គម និងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមគ្រប់រូបភាព មិនឱ្យកើតមានឡើងនៅលើទឹកដីកម្ពុជា ជាដាច់ខាត ។
ក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្តិអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមអធិបតីភាព អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ស ថេត បានប្ដេជ្ញាគោរព និងអនុវត្តតាមគោលការណ៍ និង លក្ខន្តិកៈនគរបាលជាតិ ឱ្យបានខ្ជាប់ខ្ជួនបំផុត ព្រមទាំងប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីនៅក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាជាធំ។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាល បានគូសបញ្ជាក់ថា «ធានាថែរក្សាការពារ ឲ្យបានគត់ម៉ត់នូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមល្អប្រសើរ ព្រមទាំងចូលរួមការពារ ឱ្យបានជាដាច់ខាតនូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ជាពិសេស ទប់ស្កាត់ និងបង្ក្រាបឱ្យបាន ទាន់ពេលវេលានូវការប៉ុនប៉ងបង្កចលាចលក្នុងសង្គម និងការប៉ុនប៉ងផ្តួល រំលំរាជរដ្ឋាភិបាល ស្របច្បាប់តាមគ្រប់រូបភាព មិនឱ្យកើតមាន ឡើងនៅលើទឹកដីកម្ពុជាជាដាច់ខាត»។
នាយឧត្តមសេនីយ៍ ប្ដេជ្ញាខិតខំប្រឹងប្រែងលើកកម្ពស់ការបំពេញតួនាទី ភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ ដោយប្រកាន់ខ្ជាប់នូវច្បាប់ វិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងមនសិការស្នេហាជាតិ ដើម្បីធ្វើជាបង្អែកដ៏កក់ក្ដៅរឹងមាំ របស់សង្គមជាតិ និងប្រជាជនកម្ពុជា ព្រមទាំងខិតខំ លើកតម្កើងមុខមាត់ កិត្តិយស សេចក្តីថ្លៃថ្នូររបស់កងកម្លាំង នគរបាលជាតិ នៅក្នុងយុគសម័យថ្មី ៕